
អតីតកីឡាករក្រោមអាយុ ១៦ របស់កម្ពុជា និងជាកីឡាករឆ្នើមវ័យក្មេង របស់ក្លឹប ភ្នំពេញក្រោន ស៊ិន កក្កដា បានបង្ហើបថាខ្លួននឹងសម្រេចពីអណាគតរបស់ខ្លួននៅខែក្រោយនេះ ។
ស៊ិន កក្កដា គឺកីឡាករវ័យក្មេងឆ្នើមម្នាក់ដែលបានជួយឲ្យ U16 កម្ពុជាឡើងទៅវគ្គពាក់ផ្ដាច់ព្រ័ត្រនៃពានរង្វាន AFF U16 CHAMPIONSHIP 2015 ជាលើកដំបូងក្នុងប្រវិត្តិសាស្ត្រ កាលពីឆ្នាំ ២០១៥ ដែលព្រឹត្តិការណ៍នោះធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានី ភ្នំពេញ ប្រទេសកម្ពុជា ។ អតីត U16 កម្ពុជា រូបនេះគឺជាយុវជនរបស់ក្លឹបបាល់ទាត់ ភ្នំពេញក្រោន ដែលបានប្រ៉ូម៉ូតឡើងទៅលេងនៅក្នុងឈុតធំតាំងពីរដូវកាល ២០១៦-១៧ មកម្លេះ នឹងបានបង្ហាញភាពលិចធ្លោបំផុតនៅក្នុងរដូវកាល ២០១៧-១៨ នេះ ដែលរូបគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អនឹងបានទាក់ទាញភ្នែករបស់អ្នកចាត់ថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាលោក ហុងដា ដោយបានធ្វើការកោះហៅរូបគេចូលក្នុងក្រុមជម្រើសជាតិឈុតធំក្នុងការប្រកួតកម្ដៅសាច់ដុំមិត្តភាពអរន្តជាតិ ៣ ប្រកួតកន្លងមកនេះ ។
ក្រោយពីបានលេងឲ្យក្លឹបភ្នំពេញក្រោនបាន ២ រដូវកាល ជាមួយនឹងការផុតកុងត្រាផងដែរនោះ ខ្សែបម្រើវ័យក្មេងរូបនេះមានពាក្យចរចាអារ៉ាមជាច្រើនបាននិយាយថារូបគេនឹងចាកចេញពីកីឡាដ្ឋាន RSN ផ្ទេរទៅលេងឲ្យក្លឹបធំមួយនៅក្នុងលីគកំពូលកម្ពុជា ខណៈមានសារពត៌មានជាច្រើនបានចុះផ្សាយថារូបគេអាចនឹងផ្ទេរទៅលេងនៅក្លឹបជើងខ្លាំង វិសាខា នៅរដូវកាលក្រោយនេះ ប៉ុន្តែនេះគ្រាន់តែជាពាក្យចរចាអារ៉ាមតែប៉ុណ្ណោះ ។
ស៊ិន កក្កដា ក៏បាននិយាយប្រាប់វិបសាយរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) ផងដែរថា៖ “ខ្ញុំអត់ទាន់ដឹងទេបង ។ និយាយទៅកុងត្រាទាល់តែជាប់ជម្រើសជាតិតែម្ដងបានគិត ខ្ញុំសម្រាកសិន ប្រហែលមួយខែទៀត “។
គួរបញ្ជាក់ផងដែរថា ស៊ិន កក្កដា បានបង្ហាញសមត្ថភាពយ៉ាងលិចធ្លោបំផុតជាមួយក្លឹបភ្នំពេញក្រោននៅក្នុងពានរង្វាន់ Metfone Cambodian League និង ពានហ៊ុនសែនខាប់ រដូវកាល ២០១៧-១៨ នេះ នឹងខិតជិតផ្ទេរទៅលេងនៅលីគទី ៤ របស់ប្រទេសអេស្ប៉ាញថែមទៀតផង ប៉ុន្តែអ្វីៗត្រូវប្រែប្រួលវិញទើបធ្វើឲ្យរូបគេបន្តលេងនៅកម្ពុជាដដែល ៕
ដោយ៖តារា