
ខ្សែប្រយុទ្ធឆ្នើម Neymar Jr. របស់ក្លឹប Paris Saint-Germain ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រលប់ទៅកាន់ក្លឹប FC Barcelona វិញកាលពីពេលថ្មីៗនេះ ប៉ុន្តែក្រុមម្ចាស់ជើងឯក LaLiga បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមនេះវិញផងដែរ ។
Neymar បានបង្កើតឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងវិស័យកីឡាបាល់ទាត់ទូទាំងពិភពលោកនៅពេលដែលរូបគេសម្រេចចិត្តចាកចេញពីក្លឹប Barcelona ផ្ទេរទៅលេងឲ្យក្លឹប PSG កាលពីរដូវកាល ២០១៧-១៨ ជាមួយតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោក ២២២ លានអ៊ឺរ៉ូ ។
ទោះយ៉ាងណាក៏ដោយក៏មានរបាយការណ៍ជាច្រើននៅក្នុងប្រទេសអេស្ប៉ាញបានអះអាងថាកីឡាករប្រេស៊ីលរូបនេះចង់លេងឱ្យក្លឹបយក្សនៅអេស្ប៉ាញមួយនៅរដូវកាលក្រោយ ។ អនុប្រធានក្លឹប Barca លោក Jordi Cardoner បានអះអាងថាគ្មានការចរចាណាមួយពាក់ព័ន្ធនឹងការចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំនោះទេ ។
លោក Jordi Cardoner បានបញ្ជាក់ថា៖ “ក្រុមប្រឹក្សាភិបាលក្លឹប Barcelona មិនបានពិចារណាលទ្ធភាពនៃការនាំយក Neymar នោះទេ ។ វាជាសំណួរមួយដែលមិនអាចឆ្លើយបានទេ ពីព្រោះគ្មាននរណាម្នាក់បានលើកឡើងអំពីវាទេ ។ គាត់គឺជាកីឡាករម្នាក់ដែលបានចាកចេញ វានឹងមានភាពខុសគ្នាប្រសិនបើយើងមិនបានជឿលើគាត់ ហើយឥឡូវនេះយើងចង់នាំគាត់ត្រឡប់មកវិញប៉ុន្តែនោះមិនមែនជារឿងដែលយើងត្រូវគិតនោះទេ ។ ប្រសិនបើយើងចង់ចុះហត្ថលេខាលើគាត់នោះក្រុមប្រឹក្សាភិបាលនឹងត្រូវពិភាក្សាគ្នា ប៉ុន្តែរហូតមកដល់ពេលនេះគ្មាននរណាម្នាក់បាននិយាយអំពីវាទេ” ៕
ដោយ៖តារា