
យោងតាមរបាយការណ៍ផ្លូវការរបស់ក្លឹប FC Barcelona បានអោយដឹងថាប្រធានក្រុម Lionel Messi នឹងត្រូវខកខានការប្រកួតយ៉ាងហោចណាស់ក៏ចំនួនបីសប្តាហ៍ឯណោះ ។
ខ្សែប្រយុទ្ធរូបនេះនឹងមិនអាចជួយក្រុមរបស់គាត់នៅក្នុងការប្រកួតក្នុងក្របខ័ណ្ឌ Champions League ទល់នឹងក្លឹប Inter Milan និងការប្រកួត El Clasico រួមជាមួយការប្រកួតក្នុងពានរង្វាន់ Copa del Rey ផងដែរ ។ FC Barcelona បានប្រកាសជាផ្លូវការថា Lionel Messi នឹងត្រូវអវត្តមានចំនួនបីសប្តាហ៍បន្ទាប់ពីការរងរបួសនៅតង់ទី១ នៅក្នុងការប្រកួតក្របខ័ណ្ឌ La Liga រវាងក្លឹប Sevilla ។
យោងតាមរបាយការណ៍នោះបានឲ្យដឹងថា ប្រធានក្រុម Barce រូបនេះបានរងការបាក់ឆ្អឹងដៃស្តាំរបស់គាត់ ។ ដូច្នេះខ្សែប្រយុទ្ធរូបនេះនឹងមិនអាចចូលរួមការប្រកួត UCL ជាមួយក្រុម Inter Milan និងការប្រកួតធំបំផុតក្នុងលោក El Clasico នៅថ្ងៃអាទិត្យខាងមុខនេះបាននោះទេ ។
ការរងរបួសរបស់ខ្សែប្រយុទ្ធ Lionel Messi បានធ្វើឲ្យអ្នកគាំទ្ររបស់ក្រុម Barcelona មានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលគាត់បានដួលហើយសង្កត់នៅលើដៃរបស់គាត់នៅពាក់កណ្តាលតង់ទីមួយនៃការប្រកួតជាមួយក្រុម Sevilla ។
គួរបញ្ជាក់ផងដែរថា ការប្រកួតរវាងក្រុមខ្លាំងបំផុតនៅលើពិភពលោកទាំងពីរដែលគេហៅថាការប្រកួត El Clasico រវាងក្លឹបអធិរាជស Real Madrid និងក្លឹបអ្នកមានបុណ្យ FC Barcelona នៅវេលាម៉ោង ១០ៈ១៥ នាទីយប់ថ្ងៃ អាទិត្យ ទី ២៨ ខែ តុលា នេះនឹងត្រូវអវត្តមានកំពូលខ្សែប្រយុទ្ធល្អបំផុតក្នុងពិភពលោកទាំងពីរនាក់គឺ Lionel Messi និង Cristiano Ronaldo ក្នុងរយះពេល ១១ ឆ្នាំកន្លងមកនេះ ៕
ដោយ៖តារា