
ទំនើបកម្មនៃបច្ចេកវិទ្យាវៃឆ្លាត AI បានធ្វើឲ្យអ្នកជំនាញជាច្រើនជុំវិញពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះបច្ចេកវិទ្យានេះអាចបង្កនូវបញ្ហាមួយចំនួនដល់មនុស្សជាតិនាពេលអនាគត។
អ្នកវិទ្យាសាស្ត្រកំព្យូទ័រមួយរូបគឺលោក Jurgen Schmidhuber បានព្យាករណ៍ទុកមុនថា មនុស្សយន្តដែលបំពាក់ដោយបច្ចេកវិទ្យានេះ នឹងមានភាពវៃឆ្លាតជាងមនុស្ស នៅរយៈពេលពេលត្រឹម ៣០ ឆ្នាំខាងមុខ។
គួររម្លឹកថា ក្រុមហ៊ុន Hanson Robotics ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង បានផលិតមនុស្សយន្តវៃឆ្លាត «Sophia» ដែលអាចនិយាយ និងប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងលក្ខខណ្ឌ ដ៏ពិសេសជាច្រើន។ ហើយត្រូវបានគេរំពឹងថា អាចដណ្តើមការងាររបស់មនុស្សបាននាពេលអនាគត។
ជុំវិញរឿងរ៉ាវខាងលើនេះដែរ លោកបណ្ឌិត Subhash Kak ដែលជាសាស្ត្រាចារ្យខាងវិស័យបច្ចេកវិទ្យាកុំព្យូទ័រ បានព្រមានថា បច្ចេកវិទ្យា AI នឹងធ្វើឲ្យមនុស្សប្រមាណ ៨០០ លាននាក់ បាត់បង់ការងារធ្វើនៅរយៈពេល ១២ ឆ្នាំ ឆាប់ៗខាងមុខនេះ។ ព្រោះក្នុងវិស័យការងារ បច្ចេកវិទ្យា AI មានភាពងាយស្រួល និងចំណាយតិចជាងការជួលមនុស្សឲ្យធ្វើការ។
គួរបញ្ជាក់ទៀតថា ចំពោះលោក Ray Kurzweil វិញ ដែលជាប្រធានវិស្វករនៅក្រុមហ៊ុន Google បានអះអាងថាមនុស្សយន្ត AI ដែលមានភាពវៃឆ្លាតប្រហែល ឬស្មើនឹងភាពវៃឆ្លាតរបស់មនុស្ស នឹងត្រូវបានឃើញមាននៅរយៈពេលប្រហែល ១០ ឆ្នាំ ខាងមុខនេះឯង៕
ដោយ៖ តារា