
កីឡាករ Cristiano Ronaldo បានសម្តែងនូវអំណរគុណដល់ក្រុមអ្នកគាំទ្ររបស់ក្រុម Manchester United បន្ទាប់ពីទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅពេលគាត់វិលត្រឡប់ទៅកាន់ក្លឹបចាស់របស់គាត់កាលពីយប់ថ្ងៃអង្គារ៍នេះ ។
អតីតខ្សែប្រយុទ្ធក្លឹបអធិរាជស Real Madrid កីឡាករ Ronaldo បានវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញ ខណៈដែល Juventus បានយកឈ្នះក្រុមបិសាចក្រហមក្នុងលទ្ធផល ១-០ នៅក្នុងពានរង្វាន់ក្របខ័ណ្ឌ Champions League ។ Cristiano Ronaldo បានរួមចំណែកក្នុងការរកគ្រាប់បាល់របស់កីឡាករ Paulo Dybala ដោយបានបញ្ជូនបាល់ពីស្លាបស្តាំដែលផុតខ្សែការពារ Chris Smalling និង Juan Cuadrado ។
ហើយទោះបីជា Ronaldo និង Juventus បានបំបាក់ក្រុមម្ចាស់ផ្ទះដែលមិនសូវរីករាយនៅពេលដែលក្រុមរបស់លោក Jose Mourinho បរាជ័យក្នុងការរកគ្រាប់បាល់របស់ពួកគេទល់នឹងក្លិបយក្សអ៊ីតាលីក្ដីក៏ក្រុមអ្នកគាំទ្របានផ្តល់ការស្វាគមន៍យ៉ាងកក់ក្ដៅដល់វីរបុរសរបស់ពួកគេនូវការអបអរនៅចុងបញ្ចប់ការប្រកួតនៃរាត្រីនោះ ។ ហើយវាត្រូវបានកោតសរសើរយ៉ាងខ្លាំងពីសំណាក់ Ronaldo ដែលខ្លួនបានជួយឲ្យក្រុមនេះលើកពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួនបី ដង និងពានរង្វាន់ Champions League មួយដង ក្នុងចំណោមពានរង្វាន់ដទៃទៀតក្នុងរយៈពេល ៦ ឆ្នាំមុនពេលផ្លាស់ទៅកាន់ក្លឹប Real Madrid កាលពីឆ្នាំ ២០០៩ ។
គាត់បានសរសេរនៅលើបណ្ដាញសង្គម Instagram ថា៖ “ជ័យជម្នះដ៏សំខាន់មួយនៅក្នុងការប្រកួតដ៏រំជួលចិត្តមួយសម្រាប់ខ្ញុំ វាគឺជាការលេងដ៏អស្ចារ្យនៅទឹកដី Old Trafford ម្តងទៀត ។ សូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ចំពោះការទទួលនិងការគាំទ្រ “។
ការទទួលជ័យជម្នះរបស់ក្លឹបសេះបង្កង់ Juventus កាលពីយប់មិញគឺជាការទទួលជ័យជំនះលើកទី ៣ ជាប់ៗគ្នានៅក្នុងពូល H មាន ៩ ពិន្ទុ ឈរនៅកំពូលតារាង ខណះក្រុមបីសាចក្រហម Manchester United ស្ថិតនៅលេខ ២ មានត្រឹមតែ ៤ ពិន្ទុតែប៉ុណ្ណោះ ។ ហើយ Juventus ក៏កំពុងឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A ផងដែរដោយមាន ២៥ ពិន្ទុ ឆ្លងកាត់ការប្រកួតចំនួន ៩ លើក ឈ្នះ ៩ និង ស្មើ ១ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេនៅរដូវកាលនេះ ៕
ដោយ៖តារា