អតីតគ្រូ R.Madrid លោក Ancelotti ឌឺដងថា គម្រោង Super League គឺជារឿងកំប្លែងប៉ុណ្ណោះ

13919

អតីតគ្រូបង្វឹកក្រុម Juventus, AC Milan, Chelsea និង Real Madrid លោក Carlo Ancelotti បានសារភាពថា លោកគិតថាការនិយាយអំពី Super League ដែលកំពុងត្រូវបានបង្កើតឡើងគឺជារឿងកំប្លែងមួយ។
ក្លិបយក្សចំនួន ១២ មកពីទូទាំងអឺរ៉ុប រួមទាំង ៦ មកពីក្របខ័ណ្ឌ Premier League បានប្រកាសផែនការកាលពីថ្ងៃអាទិត្យដើម្បីដាក់ការប្រកួតអឺរ៉ុបថ្មីមួយដែលនឹងអនុញ្ញាតឱ្យពួកគេប្រកួតប្រជែងគ្នាជាមួយប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។ លោក Ancelotti បច្ចុប្បន្នជាគ្រូបង្វឹកក្លិប Everton គឺស្ថិតក្នុងចំណោមអ្នកដែលប្រឆាំងនឹងសំណើរបង្កើតពានរង្វាន់ Super League ដែលជះឥទ្ធិពលអាក្រក់នៅក្នុងវិស័យបាល់ទាត់។
លោក Ancelotti ដែលមានការភ្ញាក់ផ្អើលពេលបានឃើញអតីតក្លិបរបស់លោកជាច្រើនបានចុះឈ្មោះចូលរួម ដោយលោកបានប្រាប់អ្នកយកព័ត៌មានអំពីគម្រោងមួយនេះថា៖ “ប្រតិកម្មភ្លាមៗរបស់ខ្ញុំគឺពួកគេកំពុងលេងសើច នេះគឺជារឿងកំប្លែង! វាជារឿងកំប្លែងព្រោះវានឹងមិនកើតឡើងទេ វាមិនអាចទៅរួចទេ”។
គ្រូបង្វឹកពោពេញទៅដោយបទពិសោធន៍រូបនេះបញ្ជាក់ថា៖ “វប្បធម៌កីឡានៅអឺរ៉ុប គឺខុសគ្នាពីកីឡានៅអាមេរិក។ មិនមែនដោយសារយើងនិយាយត្រូវហើយពួកគេខុសទេ តែដោយសារវប្បធម៌របស់ប្រជាជនខុសគ្នា។ នៅទ្វីបអាមេរិក នៅសហរដ្ឋអាមេរិកកីឡាគឺខុសគ្នា។ កីឡាគឺជាការកម្សាន្ត។ នៅអឺរ៉ុបយើងរស់នៅដោយមានចំណង់ចំណូលចិត្តច្រើនជាង។ នៅពេលយើងធំឡើង យើងចង់ផ្តួលអ្នកជិតខាងយើង។ យើងធំឡើងខុសគ្នា”។
លោក Ancelotti រៀបរាប់ទៀតថា៖ “វាមិនមែនជាកីឡាទេ (នៅសហរដ្ឋអាមេរិក)។ បាល់ទាត់ឥឡូវនេះជាផ្នែកមួយនៃជំនួញ។ ប៉ុន្តែយើងត្រូវពិចារណាទាំងពីរ។ បាល់ទាត់គឺជាកីឡាដំបូង ហើយបន្ទាប់មកជាមួយនឹងការវិនិយោគច្រើន វាក៏ក្លាយជាអាជីវកម្មផងដែរ។ យើងត្រូវពិចារណាទាំងពីរ។ នេះពិតជារឿងធម្មតាទេ”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី