
ម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ៣ រដូវកាលជាប់គ្នាក្លឹបអធិរាជស Real Madrid បង្ហាញទម្រង់មិនបានល្អទាល់តែសោះដោយគ្មានខ្សែប្រយុទ្ធឆ្នើមណាម្នាក់អាចស្វែងរកគ្រាប់បាល់បានច្រើនជូនក្រុមរបស់ពួកគេនោះឡើយ ចាប់តាំងពីការចេញចេញរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ផ្ទេរទៅលេងឲ្យក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃខ្លួន ១១៧ លានដុលារ នៅរដូវក្ដៅនេះ ខណះលោក Zinedine Zidane ក៏បានលារឈប់ពីដំណែងក្នុងអំឡុងពេលជាមួយនេះផងដែរ ។ ក្លឹបយក្សរបស់អេស្ប៉ាញមួយកំពុងខិតខំស្វែងរកកីឡាករឆ្នើមម្នាក់ដើម្បីមកជំនួស Ronaldo ប៉ុន្តែនៅតែមិនទាន់រកបាននៅឡើយ ។ ជាមួយនេះផងដែរមានកីឡាករឆ្នើមចំនួន ១០ រូបដែលអាចត្រូវបានក្លឹបអធិរាជសចុះហត្ថលេខានៅខែមករានេះ ។
១/ កីឡាករ Mauro Icardi
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះអាចត្រូវបានក្លឹប Real Madrid ចុះហត្ថលេខានាំយកនៅខែមករាខាងមុខនេះ ព្រោះប្រធានក្រុម Inter Milan រូបនេះអាចរកគ្រាប់បាល់បានយ៉ាងតិច ៣០ ក្នុងមួយរដូវកាល ខណះរូបគេស៊ុតបញ្ចូលទីបានចំនួន ១១២ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៩០ ប្រកួត ។
២/ កីឡាករ Timo Werner
ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះបានបង្ហាញខ្លួនបានយ៉ាងល្អនិងក្លាយជាខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ។ កីឡាកររបស់ក្លឹប RB Leipzig បានស៊ុតបញ្ចូនទីបានចំនួន ៤ ក្នុងការប្រកួតចំនួន ៧ លើក ដែលរូបនេះក៏ជាគោលដៅតាមទិញរបស់ Real Madrid កាលពីរដូវក្ដៅផងដែរ ។
៣/ កីឡាករ Rodrigo Moreno
កីឡាករវ័យ ២៧ ឆ្នាំ សញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលិចធ្លោបំផុតជាមួយក្លឹប Valencia កាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបាន ១៦ គ្រាប់នៅក្របខ័ណ្ឌ La Liga ។ Rodrigo Moreno ក៏ធ្លាប់ជាយុវជនរបស់ Real Madrid ផងដែរ ហើយលោក Florentino Perez ក៏ចង់នាំយករូបត្រឡប់មកវិញផងដែរ ខណះតម្លៃខ្លួនផ្ដាច់កុងត្រាមានតម្លៃរហូតដល់ ១៣៨ លានដុលារឯណោះ ។
៤/ កីឡាករ Kylian Mbappe
Kylian Mbappe បានជួយឲ្យបារាំងលើកពានរង្វាន់ FIFA World Cup កាលពីពេលថ្មីៗនេះ ហើយរូបគេក៏បានឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំ World Cup ផងដែរ ។ ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះត្រូវបានក្លឹប Real Madrid តាមចែចង់តាំងពីរូបគេលេងនៅ Monaco មកម្លេះ ប៉ុន្តែការទិញត្រូវបរាជ័យវិញ ហើយបច្ចុប្បន្នរូបនេះគេក៏ជាបេក្ខភាពដណ្ដើមពានរង្វាន់ Ballon d’Or នៅឆ្នាំនេះផងដែរ ខណះតម្លៃខ្លួនរបស់គឺមិនក្រោម ២០០ លានអឺរ៉ូនោះទេ ។
៥/ កីឡាករ Alexis Sanchez
Alexis Sanchez ទោះបីជាមិនសូវកាក់កបក្នុងអាជីពរបស់គាត់នៅ Manchester United យ៉ាងណាក៏ដោយក៏រូបនេះជាខ្សែប្រយុទ្ធម្នាក់គួរឲ្យចាប់អារម្មណ៍ផងដែរនៅក្នុងទ្វីបអឺរ៉ុប ។
៦/កីឡាករ Harry Kane
ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសអង់គ្លេស និងក្លឹបមាន់ខ្នាយមាស Tottenham Hotspur រូបនេះនៅតែជាកីឡាករម្នាក់ដែលមានក្លឹបធំៗជាច្រើនតាមប្រម៉ាញ់គ្រប់ពេល ។ Kane គឺជាម្ចាស់ស្បែកជើងមាសនៅក្នុងក្របខ័ណ្ឌ Premier League ចំនួន ២ រដូវកាល ( ២០១៥-១៦ និង ២០១៦-១៧ ) ផងដែរ ខណះតម្លៃខ្លួនរបស់គេគឺមិនក្រោម ១៥០ លានអឺរ៉ូនោះទេ ។
៧/ កីឡាករ Zlatan Ibrahimovic
ខ្សែវ័យ ៣៧ ឆ្នាំរូបនេះទោះបីជាមានអាយុច្រើនយ៉ាងណាក្ដីក៏រូបគេនៅតែស៊ុតបញ្ចូលទីមិនធម្មតានោះឡើយ មិនថាលេងនៅ AC Milan , PSG , Man Utd និងក្លឹបចុងក្រោយរបស់គាត់គឺ LA Galaxy នៅក្របខ័ណ្ឌ MLS របស់សហរដ្ឋអាមេរិក យ៉ាងក្ដីរូបគេស៊ុតបញ្ចូលទីមិនតិចជាង ២០ គ្រាប់នោះទេក្នងមួយរដូវកាល ។ ហើយក៏មានពាក្យចរចាអារ៉ាមថា Real Madrid និង AC Milan សុទ្ធសឹងតែចង់នាំយក Ibrahimovic ត្រឡប់មកកាន់ទ្វីបអឺរ៉ុបផងដែរ ។
៨/ កីឡាករ Robert Lewandowski
កីឡាករសញ្ជាតិប៉ូឡូញរូបនេះបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាកចេញពីក្លឹប Bayern Munich នៅចុងរដូវកាលនេះ ។ Lewandowski គឺជាខ្សែប្រយុទ្ធឆ្នើមបំផុតនៅក្នុងក្របខ័ណ្ឌ Bundesliga អស់រយះពេលជិត ១០ឆ្នាំមកនេះ ដោយស៊ុតបញ្ចូលទីមិនក្រោម ៣០គ្រាប់នោះទេក្នុងមួយរដូវកាល ។
៩/ កីឡាករ Eden Hazard
Eden Hazard គឺជាកីឡាករដែលតែងតែស្ថិតនៅលើរ៉ាដាតាមទិញរបស់ក្លឹបយក្សអេស្ប៉ាញមួយនេះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ខណះរូបគេកំពុងតែមានជីវិតសប្បាយរីករាយជាមួយក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Sarri ហើយបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះស៊ុតបញ្ចូលទីបានចំនួន ៧ គ្រាប់នៅក្នុងការប្រកួត ៩ កន្លងមកនេះ ។
១០/ កីឡាករ Krzysztof Piatek
ខ្សែប្រយុទ្ធកណ្ដាលវ័យ ២៣ ឆ្នាំរូបនេះបានបង្ករភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងក្របខ័ណ្ឌ Serie A ដោយស៊ុតបញ្ចូលទីបានរហូតដល់ ១៤ គ្រាប់ ក្នុងការប្រកួតចំនួន ១០ ប្រកួតទាំងអស់សម្រាប់ក្លឹប Genoa នៅរដូវកាលនេះ ។ ខណះក្លឹប Chelsea , Napoli និង FC Barcelona សុទ្ធសឹងកំពុងបង្ហាញចំណាប់អារម្មណ៍ទៅលើរូបគេ ៕
ដោយ៖តារា