លោក Ernesto Valverde កំពុងតែមិនពេញចិត្តនឹងទម្រង់លេងបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធ Ousmane Dembele
ខណះ ពេលវេលាលេងរបស់ខ្សែប្រយុទ្ធរូបនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែតុលា ។ បើយោងតាមការសែត Mundo Deportivo បានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹប Barcelona លោក Ernesto Valverde បានបាត់បង់ទំនុកចិត្តទៅលើកីឡាករសញ្ជាតិបារាំង Ousmane Dembele ។
ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងក្លាយជាកីឡាករជំនួស Lionel Messi ក្នុងជំនួបរវាងក្លឹប Inter Milan នៅក្នុងក្របខ័ណ្ឌ Champions League ប៉ុន្តែ Rafinha ត្រូវបានជ្រើសរើសដោយអ្នកអ្នកចាត់ការរូបនេះជំនួសទៅវិញ ។
ការអវត្តមានរបស់ Dembele ក្នុងការចាប់ផ្តើម ១១ នាក់ដំបូងក្នុងការប្រកួតជាមួយក្រុម Inter បានធ្វើឱ្យការសែត Mundo Deportivo ឈានទៅដល់ការសន្និដ្ឋានថាលោក Valverde មិនចាប់អារម្មណ៍នឹងការបង្ហាញទម្រង់លេងថ្មីរបស់កីឡាករបារាំងរូបនេះនោះទេ ។
អតីតកីឡាកររបស់ក្លឹប Borussia Dortmund រូបនេះបានបង្ហាញខ្លួនតែពីរប្រកួតតែប៉ុណ្ណោះសម្រាប់ក្រុមរបស់លោក Valverde ក្នុងខែតុលានេះ ដោយបានស្ថិតក្នុងកៅអីបម្រុងនៅក្នុងការប្រកួតទាំងពីរលើកចុងក្រោយនេះ ។ កីឡាករវ័យក្មេងរបស់បារាំងរូបនេះដូចជាមិនសូវចូលរួមចំណែកដ៏សំខាន់ណាមួយក្នុងកំឡុងពេលរូបនេះលេងសម្រាប់ក្រុមអ្នកមានបុណ្យកន្លងមកប៉ុន្មាននោះទេ ៕
ដោយ៖តារា