
ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic ត្រូវបានស្នើសុំឱ្យវិលត្រឡប់មកអង់គ្លេសវិញដោយអ្នកគាំទ្រម្នាក់មានឈ្មោះ James Corden ដែលជាអ្នកគាំទ្ររបស់រក្លឹប West Ham United ។ ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះបានអះអាងថាក្លឹបដែលមានរហ័សនាមថា ញញួរធំ មួយនេះមិនអាចមានលទ្ធភាពផ្ទេររូបខ្លួនបាននោះទេ ។ កីឡាកររបស់ក្លឹប LA Galaxy មិនមែនត្រឹមតែជាគោលដៅផ្ទេរសម្រាប់ក្លឹបបីសាចក្រហម Manchester United នោះទេ ក្នុងនោះក៏រួមមានក្លិប Real Madrid និង AC Milan សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Zlatan ផងដែរ ។
Zlatan Ibrahimovic បានធ្វើការអត្ថាធិប្បាយអំពីការផ្លាស់ប្តូរដែលមានសក្តានុពលរបស់គាត់ទៅកាន់ក្របខ័ណ្ឌ Premier League ដោយបាននិយាយថា៖ ” ពេលនេះវាគឺនិយាយអំពី West Ham “។ ពិតណាស់អ្នកគាំទ្ររបស់ក្លឹប West Ham United លោក James Corden មិនបានរំពឹងថានឹងមានចម្លើយយ៉ាងច្បាស់ពីខ្សែប្រយុទ្ធរូបនេះទេ ហើយខ្សែប្រយុទ្ធរូបនេះបានឆ្លើយតបជាមួយនឹងភាពអំណួតរបស់ខ្លួន ។
អតីតកីឡាកររបស់ក្លឹបអ្នកមានបុណ្យ FC Barcelona រូបនេះបាននិយាយថា៖ ” ខ្ញុំមកទីនេះជាមួយមិត្តភ័ក្ដិរបស់ខ្ញុំ James ហើយគាត់ចង់ឱ្យខ្ញុំមកលេង West Ham ប៉ុន្តែពួកគេមិនមានលទ្ធភាពទិញខ្ញុំទេ “។
ទោះបីជាយ៉ាងណាក៏ដោយ Ibrahimovic ដែលបានរកគ្រាប់បាល់ចំនួន ២២ គ្រាប់ឱ្យក្លឹប LA Galaxy ក្នុងការបង្ហាញខ្លួនចំនួន ២៦ លើកកន្លងមក បានធ្វើឲ្យរូបគេហាក់បីដូចជាមានក្លឹបកំពូលៗអ៊ឺរ៉ុបមួយចំនួនចាប់អារម្មណ៍លើរូបគេរួមទាំងក្លឹបចាស់របស់ខ្លួន Man United ផងដែរ ។ អតីតប្រធានក្រុម ស៊ុយអ៊ែត រូបនេះបាននិយាយនៅឯមហោស្រព The Theatre of Dreams ដោយបានហៅអាជីពរបស់គាត់នៅក្នុងទីក្រុង Manchester ថា “គ្រប់យ៉ាងគឺអស្ចារ្យ” ។
Zlatan Ibrahimovic រកគ្រាប់បាល់បាន ២៨ គ្រាប់សម្រាប់ក្រុមបិសាចក្រហមក្នុងរដូវកាលដំបូងរបស់គាត់នៅក្នុងក្របខ័ណ្ឌ Premier League ហើយបានជួយឱ្យក្រុមរបស់លោក Jose Mourinho ទទួលបានពានរង្វាន់បីរួមមាន FA Community Shield, EFL Cup និង Europa League ។ ទោះបីជាយ៉ាងណាក៏ដោយអតីតខ្សែប្រយុទ្ធរបស់ក្លឹប PSG និង AC Milan រូបនេះបានរងរបួសសរសៃពួរដែលបានធ្វើឲ្យរូបគេនៅស្ថិតនៅក្រៅទីលានជិតមួយដូវកាលកាលដែលធ្វើឲ្យរូបគេសម្រេចចិត្តផ្ទេរទៅកាន់ទឹកដីអាមេរិកកាលពីរដូវកាលមុន ៕
ដោយ៖តារា