
កីឡាករកូនកាត់ខ្មែរ-បារាំង ប៊ីន ចន្ថាធារី បានបង្ហើបឲ្យដឹងថាខ្លួនមានក្លឹបនៅលីគកំពូលថៃ ( Thai League 1 ) ចំនួន ២ បានទាក់ទងមករករូបគេ ប៉ុន្តែ ធារី បានបញ្ជាក់ថាខ្លួនកំពុងរងចាំចរចាកិច្ចសន្យាថ្មីជាមួយក្លឹប Terengganu សិន ។
អតីតកីឡាករ U១៧ ក្រុមជម្រើសជាតិបារាំងរូបនេះបាននិយាយឲ្យដឹងថា៖ ” មានក្លឹបធំៗ ២ នៅ Thai League 1 គេទាក់ទងមកដែរ តែខ្ញុំមិនទាន់ប្រាប់គេថាម៉េចទេ ហើយក៏សុំអត់បង្ហាញឈ្មោះក្លឹបដែរ ។ ភ្នាក់ងារខ្ញុំកំពុងចរចារជាមួយ Ganu ដើម្បីធ្វើកុងត្រាថ្មី ហើយមានពន្លឺច្រើនដែរថាអាចនៅបន្ត ។ បើសិនអត់បានកុងត្រានៅម៉ាឡេស៊ី បានខ្ញុំគិតគូរទៅក្លឹបផ្សេងទៀត “។
អតីតកីឡាករឆ្នើមរបស់ក្លឹប ភ្នំពេញក្រោន រូបនេះក៏បានបន្ថែមទៀតថា រូបគេមានបំណងលេងនៅបរទេស ជាជាងត្រឡប់មកលេងនៅប្រទេសកម្ពុជាវិញ ព្រោះនៅក្រៅប្រទេសមានការប្រកួតប្រជែងខ្លាំងជាង ដែលអាចធ្វើឲ្យរូបគេកើនសមត្ថភាពផ្ទាល់ខ្លួន និងអាចជួយក្រុមជម្រើសជាតិកម្ពុជាបានច្រើនតាមតែខ្លួនបានធ្វើនៅក្រៅប្រទេស ។
គួរបញ្ជាក់ផងដែរ ខ្សែម្រើកូនកាត់ខ្មែរ-បារាំង វ័យ ២៧ ឆ្នាំរូបនេះធ្លាប់ជាកីឡាកររបស់ក្លឹប ភ្នំពេញក្រោន ចន្លោះពីឆ្នាំ ២០១២-២០១៧ និងបានផ្ទេរទៅលេងនៅក្លឹបលីគលំដាប់ទី២ របស់ថៃ Krabi FC បានកន្លះរដូវកាល និងត្រូវបានខ្ចីជើងត្រឡប់មកលេងនៅលីគកំពូលកម្ពុជាវិញដោយលេងនៅក្លឹប អគ្គីសនីកម្ពុជា នៅជើងទីពីរ មុនផ្លាស់ទៅលេងនៅលីគកំពូល ម៉ាឡេស៊ី ក្លឹប Terengganu ដោយជួយឲ្យក្លឹបនេះទទួលបានជើងឯករងនៃពានរង្វាន់ Malaysia Cup ២០១៨ នេះផងដែរ ៕
ដោយ៖តារា