
លោក Pep Guardiola ដែលជាគ្រូបង្វឹកក្លឹបមេឃខៀវ Manchester City និយាយថាក្លឹបនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីព្យាយាមបញ្ចុះបញ្ចូលកីឡាករ Brahim Diaz ឱ្យស្នាក់នៅក្លឹបបន្ត ។ លោក Guardiola បាននិយាយក្រោយពីក្រុមរបស់លោកបានទទួលជ័យជម្នះ ២-០ លើក្រុម Fulham នៅក្នុងការប្រកួត Carabao Cup កាលពីយប់ថ្ងៃព្រហស្បតិ៍ដែលកីឡាករ Brahim ជាអ្នករកគ្រាប់បាល់ទាំងពីរគ្រាប់ ។
កីឡាករវ័យ ១៩ ឆ្នាំរូបនេះគឺស្ថិតនៅឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយក្លឹប ហើយមានការផ្តល់យោបល់ថាគាត់អាចនឹងចាកចេញពីក្លឹបដើម្បីស្វែងរកឱកាសលេងក្នុងនាមជាកីឡាករជម្រើសដំបូង ។ ទោះជាយ៉ាងណាក៏ដោយលោក Guardiola ដឹងយ៉ាងច្បាស់ពីទេពកោសល្យរបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ និងបាននិយាយថាក្លឹបនឹងធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងអំណាចរបស់ពួកគេដើម្បីព្យាយាមនិងរក្សាគាត់ក្នុងរដូវកាលនេះឲ្យបាន ។
លោក Guardiola បាននិយាយថា៖ ” ការលេងនៅក្នុងក្រុមកំពូលៗ គឺមិនងាយស្រួលសម្រាប់កីឡាករវ័យក្មេងនោះទេ ប៉ុន្តែគាត់ (Brahim) បានបង្ហាញពីគុណសម្បត្តិរបស់គាត់ម្តងទៀតហើយម្ដងទៀត ។ ការហ្វឹកហាត់របស់គាត់គឺមិនគួរឱ្យជឿហើយគាត់ពិតជាមានការពេញចិត្តពីសំណាក់យើងទាំងអស់ ។ គាត់លេងបានយ៉ាងល្អជាមួយក្រុម Oxford United ។ គ្រប់គ្នានៅទីនេះត្រៀមខ្លួនរួចរាល់ក្នុងការលេងនៅក្នុងជម្រើសដំបូង បើមិនដូច្នោះទេគាត់នឹងមិននៅទីនេះទេ ។ គាត់ដឹងថាយើងចង់បានគាត់ប៉ុន្តែបន្ទាប់ពីនោះវាតម្រូវទៅលើភ្នាក់ងារនិងខ្លួនគាត់ផ្ទាល់ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាគាត់ឲ្យបន្តនៅជាមួយយើង បន្ទាប់មកគាត់សម្រេចចិត្តយើងចង់ឱ្យគាត់ ប៉ុន្តែនៅទីបំផុតវាមិនអាស្រ័យលើយើងនោះទេ” ។
លោក Guardiola ពិតជាមិនចង់ឲ្យរូបគេចាកចេញនោះទេ បន្ទាប់ពីការខកចិត្តម្ដងរួចទៅហើយសម្រាប់ Manchester City ដែលបានបាត់បង់កីឡាករ Jadon Sancho ទៅកាន់ក្លិប Borussia Dortmund កាលពីឆ្នាំមុន ដោយកីឡាករវ័យ ១៨ ឆ្នាំរូបនេះបច្ចុប្បន្នជាកីឡាករជម្រើសជាតិអង់គ្លេស ៕
ដោយ៖តារា