
អតីតគ្រូបង្វឹករបស់ក្លឹប FC Barcelona លោក Pep Guardiola បាននិយាយថាលោកមិនដែលស្នើរឱ្យ Lionel Messi ផ្ទេរមកកាន់ក្លឹប Manchester City នោះឡើយ ។
លោក Pep Guardiola គ្រូបង្វឹករបស់ក្លឹបមាឃខៀវ Manchester City បានចេញមុខមកនិយាយអំពីពាក្យចចាមអារ៉ាមថ្មីៗនេះដែលទាក់ទងនឹងកំពូលខ្សែប្រយុទ្ធ Leo Messi ជាមួយក្លឹបបច្ចុប្បន្នរបស់គាត់ ។ អតីតគ្រូបង្វឹករបស់ក្លឹប Barcelona បានបញ្ជាក់ថាគាត់នៅតែស្មោះត្រង់នឹងអតីតក្លឹបរបស់គាត់ បើទោះបីជាគាត់បានចាកចេញពីពួកគេកាលពីរដូវក្តៅឆ្នាំ ២០១២ ក៏ដោយក៏គាត់នៅតែទទូចថាគាត់មិនដែលព្យាយាមនាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះពីកីឡាដ្ឋាន Camp Nou នោះទេ ។
អ្នកកាសែតរបស់ Standard Evening Standard និងអ្នកយកព័ត៌មានរបស់ក្លឹប Manchester City លោក James Robson បានដកស្រង់សម្តីលោក Guardiola ថា៖ “ពេលខ្ញុំចាកចេញពី Barcelona ហើយទៅ Bayern Munich និង Manchester City ខ្ញុំមិនដែលសួរ Messi ឱ្យមកទីនេះទេ ។ ខ្ញុំមិនដែលទៅក្លិបទាំងពីរហើយនិយាយថាខ្ញុំចង់បានកីឡាករនេះទេ ។ ខ្ញុំដឹងពីសារៈសំខាន់របស់គាត់សម្រាប់ក្រុម Barcelona ។
ពាក្យផ្ទាល់របស់លោក Guardiola ផ្ទុយទៅនឹងរឿងថ្មីបំផុតដែលធ្វើឡើងដោយកាសែត Mundo Deportivo ដែលមានមូលដ្ឋាននៅទីក្រុងបាសេឡូណា ។ Manchester City បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទិញយក Lionel Messi ក្នុងតម្លៃ ២៥០ លានអឺរ៉ូ ក្នុងចន្លោះឆ្នាំ ២០១៦ និង ២០១៧ ។ លើសពីនេះទៀតក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះហ៊ានផ្ដល់ជូនឲ្យតារាឆ្នើមអាហ្សង់ទីនរូបនេះនៅប្រាក់បៀវត្សរ៍ច្រើនបំផុតក្នុងពិភពលោកចំនួន ៥០ លានអឺរ៉ូក្នុងមួយឆ្នាំថែមទៀតផង ៕
ដោយ៖តារា