
Fabinho ត្រូវបានគេរាយការណ៍ថាបានខកចិត្តយ៉ាងខ្លាំងជាមួយនឹងការមិនសូវបានបង្ហាញខ្លួនសម្រាប់ក្លឹបហងក្រហម Liverpool ។ ប្រភពដែលជិតស្និទ្ធនឹងកីឡាកររូបនេះបានអះអាងថាខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះចង់វិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Ligue 1 វិញនៅខែមករានេះ ។
យោងតាមការសែតរបស់បារាំង Le Parisien បានឲ្យដឹងថាខ្សែបម្រើវ័យ ២៥ ឆ្នាំ កីឡាករ Fabinho អាចនឹងចាកចេញពីក្លឹប Liverpool បន្ទាប់ពីចំណាយរយៈពេលអស់ ៦ ខែនៅលើកីឡាដ្ឋាន Anfield ។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះបានមកដល់កីឡាដ្ឋាន Anfield ពីក្លឹប Monaco ហើយបានចាប់ផ្តើមការប្រកួតបានត្រឹមតែចំនួន ៣ ប្រកួតប៉ុណ្ណោះរហូតមកដល់ពេលនេះ ជាមួយនឹងការប្រកួតក្នុងពានរង្វាន់ Carabao Cup ទល់នឹង Chelsea ការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្លឹប Red Star Belgrade និងការប្រកួតក្របខ័ណ្ឌ Premier League ទល់នឹង Cardiff City ។
ការសែត Le Parisien បានលើកឡើងថាប្រភពជិតស្និទ្ធជាមួយនិង Fabinho បានអះអាងថាខ្សែបម្រើរូបនេះមានការធុញទ្រាន់ជីវិតនៅទឹកដី Anfield និងមានឆន្ទៈចង់ផ្លាស់ចេញនៅក្នុងខែមករានៅពេលដែលទីផ្សាផ្ទេរកីឡាករបើកឡើងវិញ ។ ខ្សែបម្រើរូបនេះត្រូវបានគេរាយការណ៍ថាបានខកចិត្តយ៉ាងខ្លាំងជាមួយនឹងការមិនសូវបានបង្ហាញក្នុងការប្រកួតសម្រាប់ Liverpool ខណះកាលពីគាត់លេងនៅ Monaco រូបគេជាកីឡាករឆ្នើមម្នាក់ប្រចាំក្រុម ។
Fabinho ត្រូវបានគេគេជឿជាក់ថាចង់វិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Ligue 1 វិញ និងចង់ចូលរួមជាមួយគូរប្រកួតប្រជែងធំបំផុតរបស់ក្លឹបហង្សក្រហម Liverpool នៅក្របខ័ណ្ឌ Champions League ក្លឹប Paris Saint Germain នាខែមករានេះ ៕
ដោយ៖តារា