
អនាគតរបស់គ្រូបង្វឹកដែលមានរហ័សនាម Special One លោក Jose Mourinho នឹងប្រឈមត្រូវគេបណ្ដេញចេញពីដំណែងសារជាថ្មីម្តងទៀត ប្រសិនបើក្លឹបបីសាចក្រហម Manchester United ចាញ់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus សារជាថ្មី ។
ក្លឹប Manchester United នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងទូរីន ដើម្បីធ្វើការប្រកួតនៅឯកីឡដ្ឋាន Allianz នាព្រឹកយប់ថ្ងៃពុធនៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League ។ ស្របពេលដែលលោក Jose Mourinho និងក្រុមរបស់លោកហាក់បីដូចជាទទួលបានសន្ទុះឡើងវិញបន្ទាប់ពីខកចិត្តជាច្រើនប្រកួតកន្លងមក ។ អនាគតរបស់លោក Special One នឹងមានការសង្ស័យជាថ្មីម្តងទៀតប្រសិនបើក្រុមសេះបង្កង់នឹងយកឈ្នះលើក្រុមបិសាចក្រហម ខណះជើងទីមួយក្រុមរបស់លោក Massimiliano Allegri បានបំបាក់ក្រុមរបស់លោក Jose Mourinho ក្នុងលទ្ធផល ១-០ នៅឯកីឡាដ្ឋាន Old Trafford ។
បច្ចុប្បន្នក្រុម Manchester United កំពុងឈរនៅលេខរៀងលំដាប់ទីពីរ ក្នុងតារាងពូល H ដែលមានឱកាសល្អក្នុងការឈានដល់វគ្គជម្រុះបន្ទាប់ ។ ប្រសិនក្រុមរបស់ក្រុមបីសាចក្រហមរងបរាជ័យនៅក្នុងទីក្រុង Turin ហើយក្រុម Valencia ទទួលជ័យជម្នះលើក្រុម Young Boys នោះនឹងទម្លាក់ក្រុមរបស់លោក Mourinho ទៅកាន់លេខរៀងលេខទី ៣ នៅក្នុងពូល H អាចនឹងប្រឈមមិនអាចឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយបាននោះឡើយ ៕
ដោយ៖តារា