
លោក Thomas Tuchel គ្រូបង្វឹករបស់ក្លឹប Paris Saint-Germain ជឿជាក់ថាកីឡាករ Kylian Mbappe នឹងក្លាយជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក ប៉ុន្តែលោកបាននិយាយថាខ្សែប្រយុទ្ធរូបនេះនៅតែត្រូវការដើម្បីកែលម្អបន្ថែមទៀត ។ Kylian Mbappe វ័យ ១៩ ឆ្នាំបានចាប់ផ្តើមយ៉ាងល្អនៅក្នុងរដូវកាលនេះជាមួយនឹងគ្រាប់បាល់ចំនួន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១១ ប្រកួតសម្រាប់ Paris Saint-Germain ។
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបង្កើតកំណត់ត្រាមួយក្នុងការទទួលជ័យជម្នះកាលពីចុងសប្តាហ៍កន្លងមកនេះលើក្រុម Lille ដែលក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងការរកគ្រាប់បាល់បាន ៤០ គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ ។ ប៉ុន្តែអតីតកីឡាកររបស់ក្លឹប Monaco រូបនេះត្រូវបានអតីតតារាឆ្នើមរបស់ អេស្ប៉ាញ និង Barcelona លោក Xavi បាននិយាយថា Mbappe នៅតែខ្វះខាត និងមិនទាន់មានភាពចាស់ទំនៅក្នុងកីឡាបាល់ទាត់ ។ នៅក្នុងការឆ្លើយតបកាលពីថ្ងៃចន្ទលោក Tuchel បានគាំទ្រលោក Xavi ប៉ុន្តែបាននិយាយថាវាជារឿងធម្មតាទេដោយ Mbappe នៅតែមានឱកាសដើម្បីកែលម្អបន្ថែមទៀត ។
គាត់បានប្រាប់សន្និសីទសារព័ត៌មានមួយនៅមុនពេលការប្រកួតនៅក្នុងក្របខ័ណ្ឌ Champions League រវាងក្លឹប Napoli ជាមួយនឹងក្លឹប PSG ថា៖ “វាជារឿងធម្មតាសម្រាប់គាត់ក្នុងការធ្វើឱ្យប្រសើរឡើង ។ គាត់អស្ចារ្យណាស់ គាត់ជាកីឡាករល្អបំផុតម្នាក់នៅក្នុងពិភពលោក ហើយគាត់នឹងក្លាយជាកីឡាករល្អបំផុត ។ Xavi គឺនិយាយត្រឹមត្រូវ គាត់ត្រូវការធ្វើឱ្យប្រសើរឡើងនូវអ្វីគ្រប់យ៉ាងវាជារឿងធម្មតាទេនៅពេលអ្នកមានអាយុ ១៩ ឆ្នាំ “។
Kylian Mbappe និង Paris Saint-Germain នឹងត្រូវជួបជាមួយក្រុមយក្សរបស់អ៊ីតាលីក្លឹប Napoli ក្នុងការប្រកួតដណ្ដើមពានរង្វាន់ UEFA Champions League ដ៏សំខាន់មួយនៅព្រឹកយប់ថ្ងៃអង្គារនេះ ខណៈដែលក្រុមម្ចាស់ជើងឯកបារាំង កំពុងឈរនៅពីក្រោយក្រុមខ្លាំងអ៊ីតាលី ក្នុងចំណាត់ថ្នាក់ទី ៣ ក្នុងពូល C ៕
ដោយ៖តារា