
លោក Thomas Tuchel មិនបានបញ្ជាក់ថាតើកីឡាករ Edinson Cavani នឹងបង្ហាញខ្លួននៅពេលដែលក្លឹប Paris Saint-Germain ប្រកួតតទល់ជាមួយនឹងអតីតក្លឹប Napoli របស់គាត់នៅកីឡដ្ឋាន Stadio San Paolo នោះទេ ។
Paris Saint-Germain នឹងធ្វើដំណើរទៅជួបក្លឹប Napoli ក្នុងការប្រកួតដ៏សំខាន់មួយក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្រុមទាំងពីរបានទទួលលទ្ធផលស្មើគ្នា ២-២ នៅកីឡដ្ឋាន Parc des Princes កាលពីជើងទីមួយ ។ ខ្សែប្រយុទ្ធកណ្ដាល Edinson Cavani បានបង្ហាញថាវានឹងជាវត្តមានលើកដំបូងរបស់លោកនៅទឹកដី San Paolo ចាប់តាំងពីផ្ទេរទៅកាន់រដ្ឋធានីរបស់ប្រទេសបារាំងកាលពីឆ្នាំ ២០១៣ ។
ទោះបីជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធឆ្នើមអ៊ុយរូហ្គាយរូបនេះបានខកខានបង្ហាញខ្លួនក្នុងការទទួលជ័យជម្នះរបស់ PSG លើក្រុម Marseille និង Lille ដោយមានបញ្ហារបួសភ្លៅ និងមិនទាន់ច្បាស់នៅឡើយថាអាចបង្ហាញខ្លួនបានឬនៅក្នុងជំនួបរាត្រីនេះ ។
នៅពេលសួរអំពីឱកាសនៃការលេងរបស់កីឡាករ Cavani លោក Tuchel បានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួតថា៖ “ខ្ញុំមិនអាចនិយាយបានទេ ព្រោះនេះជារសៀលថ្ងៃចន្ទ ដូច្នេះខ្ញុំមិនអាចនិយាយបានថានរណានឹងលេង ។ Cavani គឺនៅជាមួយយើង ហើយគាត់ត្រូវបានតាមដាន យើងនឹងមើលឃើញនៅពេលក្រោយ” ៕
ដោយ៖តារា