
ខ្សែប្រយុទ្ធស្លាប Arjen Robben របស់ Bayern Munich បានចេញមុខការពារគ្រូបង្វឹករបស់ Manchester City លោក Pep Guardiola ចំពេលដែលមានការរិះគន់ថា ជោគជ័យរបស់ក្រុមគាត់គឺបានដោយសារទឹកប្រាក់។ Robben ដែលធ្លាប់ទទួលបានជោគជ័យក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះនៅកីឡដ្ឋាន Allianz Arena ជឿថា ក្រុមរបស់ Guardiola គឺស្ថិតនៅក្នុងចំណោមក្រុមដែលអាចដណ្តើមពាន Champions League បាន។
Man City បានបំបាក់ Basel ៤-០ ក្នុងការប្រកួតជើងទីមួយ សម្រាប់ការប្រកួត ១៦ លើកចុងក្រោយរបស់ពួកគេ ខណៈពេលដែល Bayern នឹងត្រូវប៉ះជាមួយ Besiktas នៅថ្ងៃអង្គារនេះ។ គាត់បានប្រាប់ SportBuzzer ថា៖ «បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ពេលនេះពួកគេមានភាពរីកចម្រើនកាន់តែខ្លាំងឡើងជាមុន។ មនុស្សជាច្រើននិយាយថា Man City បច្ចុប្បន្ននេះគឺជាក្រុមខ្លាំងបំផុតនៅទ្វីបអឺរ៉ុប។ ពេលនេះ ប្រហែលជាពួកគេមិនទាន់អាចនិយាយដូច្នេះបានទេ ហើយយើងក៏មិនទាន់ដឹងច្បាស់ដែរនៅខែកុម្ភៈនេះ ប៉ុន្តែគឺនៅពេលដែលអ្នកអាចលើកពាននៅក្នុងដៃរបស់អ្នកនៅពេលចប់រដូវកាល»។
«អ្វីដែល Pep Guardiola បានធ្វើសម្រាប់ Man City ពិតជាអស្ចារ្យណាស់។ យើងក៏ស្គាល់គាត់យ៉ាងច្បាស់ដែរ ហើយខ្ញុំពិតជារីករាយក្នុងការសហការជាមួយគាត់ណាស់។ គាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់។ អ្នកអាចឃើញវាបានម្តងទៀតនៅពេលនេះ»។ Robben បានប្រតិកម្មទៅនឹងការអះអាងដែលថា ជោគជ័យរបស់ក្លឹបគឺបានមកពីការចំណាយប្រាក់លើការទិញកីឡាករថ្លៃៗ ជាជាងដោយសារគ្រូបង្វឹករបស់ពួកគេ។
កីឡាករសញ្ជាតិហូឡង់រូបនេះបានឆ្លើយតបទៅនឹងការលើកឡើងនោះថា៖ «វាមិនពិតនោះទេ។ ប្រសិនបើអ្នកក្រឡេកមើលទៅទម្រង់លេងដែលពួកគេលេង នោះអ្នកនឹងដឹងថាវាជាទម្រង់លេងដែល Pep ធ្វើការអភិវឌ្ឍ ហើយនោះជាស្នាដៃរបស់គាត់»។
ដោយ៖ តារា