
អ្នកចាំទី Pepe Reina របស់ក្លឹប AC Milan បានជំរុញឱ្យក្រុមរបស់គាត់ចូលលេងក្នុងក្របខ័ណ្ឌ Serie A របស់ពួកគេជាមួយក្លឹប Juventus នៅថ្ងៃអាទិត្យដោយមិនភ័យខ្លាចឡើយ ។
ក្រុមរបស់លោក Gennaro Gattuso ត្រូវប្រឈមនឹងការធ្វើតេស្តដ៏ធំមួយនៅពេលពួកគេស្វាគមន៍ក្រុមកំពុងឈរនៅកំពូលតារាងក្នុងទឹកដី San Siro បើទោះបីជាក្រុម AC Milan មិនទាន់ស្គាល់ពាក្យថាចាញ់សោះក្នុងរយះ ៥ ប្រកួតចុងក្រោយកន្លងមកនេះ ។ អ្នកចាំទីចាស់វស្សារូបនេះបានទទួលស្គាល់ថាក្លឹប Juventus គឺជាក្រុមដ៏ខ្លាំង ប៉ុន្តែលោកបាននិយាយថាក្រុមរបស់គាត់គ្មានអ្វីដែលត្រូវខ្លាចឡើយនៅពេលប្រឈមមុខនឹងក្រុមរបស់លោក Massimiliano Allegri ។
អ្នកចាំទីវ័យ ៣៦ ឆ្នាំរូបនេះបានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ “ដោយភាពរាបសារនិងការគោរពទាំងអស់យើងដឹងថាពួកគេខ្លាំងណាស់ ប៉ុន្តែយើងប្រឈមមុខពួកគេដោយមិនមានការភ័យខ្លាចទេ យើងមានទំនុកចិត្តច្រើនណាស់ ។ យើងលេងនៅ San Siro ពេញដោយអ្នកគ្រាំទ្រ ហើយយើងត្រូវតែធ្វើឱ្យបានល្អបំផុតដើម្បីទទួលបានបីពិន្ទុ “។
Juventus មានពិន្ទុដាច់គេចំនួន ៦ ពិន្ទុរួចទៅហើយនៅលើក្របខ័ណ្ឌ Serie A បន្ទាប់ពីបានឈ្នះ ១០ និង ស្មើ ១ លើកនៃការប្រកួតចំនួន ១១ លើករបស់ពួកគេនារដូវកាល ២០១៨-១៩ នេះ ។
ក្លឹប AC Milan បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ ៤ ក្រោយពីឈ្នះ ៣ ប្រកួតជាប់ៗគ្នា ហើយអតីតអ្នកចាំទីរបស់ក្លឹបហងក្រហម Liverpool និង Napoli រូបនេះមានអារម្មណ៍ថាពួកគេមានការរីកចម្រើនច្រើនក្រោយពីឆ្លងកាត់ពេលដ៏លំបាកកន្លងមក ។ Pepe Reina បន្តមានប្រសាសន៍ថា៖ “ក្នុងគ្រាលំបាកអ្នកត្រូវតែស្វែងរកផ្លូវចេញពីវា ដើម្បីឱ្យកាន់តែរឹងមាំ ។ ឥឡូវនេះយើងត្រូវបន្តដូចនេះ “៕
ដោយ៖តារា