ក្រុមជម្រើសជាតិហែលទឹកកម្ពុជា សម្រុកហ្វឹកហាត់ខ្លាំងដើម្បីឆ្ពោះទៅដណ្ដើមមេដាយស៊ីហ្គេម

15806
  • សហព័ន្ធខ្មែរកីឡាហែលទឹក បានបន្ថែមម៉ោងហ្វឹកហាត់ដល់កីឡាករ-កីឡាការនីជម្រើសជាតិ ដើម្បីសម្រួចគោលដៅឆ្ពោះទៅស្វែងរកមេដាយ នៅក្នុងស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ ក៏ដូចជាគោលដៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

    អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី លើកឡើងថា នៅក្នុងចំណោមវិញ្ញាសាសរុបចំនួន៤០ ដែលម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមកំណត់បង្ហាញនេះ គឺសហព័ន្ធខ្មែរកីឡាហែលទឹកមិនទាន់កំណត់ចំនួនកីឡាករ កីឡាការិនី និងប្រភេទវិញ្ញាសាចំនួនប៉ុន្មាន សម្រាប់ស៊ីហ្គេម ឆ្នាំ២០២១ អាស្រ័យដោយការស្នើសុំ និងការសម្រេចពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា នាពេលខាងមុខ។ ដោយលោកបានបញ្ជាក់ថា៖«ជាក្តីសង្ឃឹមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២១នេះ គឺស៊ីហ្គេមវាស់ស្ទង់កម្រិតសមត្ថភាព តម្រង់ទិសឆ្ពោះទៅ ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ អ្វីដែលសំខាន់ គឺកីឡាករ កីឡាការិនីកំពុងបង្កើនការហ្វឹកហាត់ ក្នុងគោលដៅស្វែងរកនូវលទ្ធផលថ្មីៗ ដោយយើងចង់បានមេដាយនៅក្នុងការប្រកួត ទោះបីជាមេដាយ នៅក្នុងកម្រិតណាក្តី។ មានវិញ្ញាសាមួយចំនួន គឺជាក្តីសង្ឃឹមរបស់យើងដែរ ដូចជាវិញ្ញាសាហែលរបៀបកង្កែប ដែលកីឡាករ កីឡាការិនីហែលទឹកកម្ពុជាមានសិទ្ធផលក្បែរនឹងសិទ្ធផលរបស់កីឡាករកីឡាការិនីក្នុងតំបន់អាស៊ីអាគ្នេយ៍នេះដែរ»។ ក្នុងការត្រៀមខ្លួនរបស់ប្រភេទកីឡាហែលទឹកនេះ គឺការបណ្តុះបណ្តាលនៅក្នុងស្រុក ដែលកំពុងបន្តធ្វើជាប់ជាប្រចាំ បើទោះជាបច្ចុប្បន្នស្ថិត នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏យើងនៅតែប្រឹងប្រែងទាំងក្នុងការប្រមូលផ្តុំ ការស្វែងរកទីតាំង និងផ្តោតសំខាន់ទៅលើកម្មវិធីហ្វឹកហាត់របស់កីឡាករ កីឡាការិនី ដោយបានផ្លាស់ប្តូរការហ្វឹកហាត់ក្នុង១ថ្ងៃៗ ពីត្រឹម៤ម៉ោង មកហ្វឹកហាត់៦ម៉ោង ទៅ៦ម៉ោងកន្លះ ដោយចែកចេញជាពីរពេល ដោយពេលព្រឹក៣ម៉ោង និងពេលល្ងាច៣ម៉ោងកន្លះ។ លោក ហែម គីរី បន្ថែមទៀតថា នៅក្នុងការត្រៀមខ្លួននេះដែរ ក៏សហព័ន្ធខ្មែរកីឡាហែលទឹកបានត្រៀមក្រុមជម្រើសជាតិចំនួន១០នាក់ កីឡាករ៥នាក់ កីឡាការិនី៥នាក់ និងគ្រូបង្វឹកម្នាក់ទៅបន្តការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ អគ្គលេខាធិការសហព័ន្ធរូបនេះ ក៏បានលើកបង្ហាញនូវការព្យាយាមស្វះស្វែងរកកីឡាករ កីឡាករិនីកូនខ្មែររស់នៅក្រៅប្រទេសបន្ថែមទៀត ដើម្បីចូលរួមក្នុងក្រុមជម្រើសជាតិហែលទឹក ដែលបច្បុន្នជម្រើសជាតិហែលទឹកជាកូនខ្មែររស់នៅសហរដ្ឋអាមរិក៣នាក់ និងម្នាក់ទៀតហ្វឹកហាត់បាន២ឆ្នាំនៅប្រទេសថៃ។ បន្ថែមពីលើនេះ សហព័ន្ធក៏កំពុងរិះរកកូនខ្មែររស់នៅអូស្ត្រាលី បារាំងជាដើម ដើម្បីមកចូលរួមក្នុងក្រុមជម្រើសជាតិហែលទឹកកម្ពុជា ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ គឺសហព័ន្ធនឹងពិនិត្យមើលគុណភាពបច្ចេកទេសរបស់កូនខ្មែរនៅក្រៅប្រទេសនេះខ្ពស់ៗជាងកូនខ្មែរនៅក្នុងស្រុក ដោយមិនមែនថាឲ្យតែកូនខ្មែរនៅបរទេសសុទ្ធតែយកទាំងអស់នោះឡើយ៕ដោយ៖ភារៈ

    ប្រភព :
    សហព័ន្ធខ្មែរកីឡាហែលទឹក
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី