
យោងតាមអតីតអ្នកចាត់ការលោក Peter Reid បាននិយាយថាក្រុម Manchester City មិនមានភាពជឿជាក់ក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League នៅរដូវកាលនេះឡើយ បើទោះបីជាពួកគេបានបង្ហាញពីភាពខ្លាំងរបស់ពួកគេយ៉ាងណាក៏ដោយ ។
ការទទួលជ័យជម្នះលើក្រុម Manchester United បានធ្វើឱ្យក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះវិលត្រឡប់ទៅឈរនៅលើកំពូលតារាងដើម្បីឈរនៅពីលើក្រុម Liverpool ចំនួនពីរពិន្ទុ ។ ក្រុមរបស់លោក Pep Guardiola បានបាត់បង់ពិន្ទុត្រឹមតែបួនពិន្ទុប៉ុណ្ណោះក្នុងមួយរដូវកាលនេះដែលនៅតែមិនទាន់ស្គាល់ចាញ់សោះបន្ទាប់ពី ១២ ប្រកួតកន្លងមកហើយបានស៊ុតបញ្ចូលទីបានចំនួន ៥៥ គ្រាប់នៅក្នុងការប្រកួតទាំងអស់ ។
ប៉ុន្តែលោក Peter Reid បាននិយាយថាបើទោះបីជា Man City បង្ហាញពីភាពខ្លាំងក្នុងរយៈពេលប៉ុន្មានប្រកួតកន្លងមកនេះក៏ដោយក៏ក្លឹបខ្លាំងៗដូចជា Liverpool, Tottenham និង Chelsea នៅតែជាអ្នកប្រជែងដណ្តើមជើងឯកនារដូវកាលនេះ ។
លោក Peter Reid បាននិយាយនៅប្រាប់កាសែត Daily Mail ថា៖ “ខ្ញុំមិនជឿថាការប្រជែងដណ្តើមពានរង្វាន់រដូវកាលនេះគឺជាការសន្និដ្ឋានទុកជាមុនទេ ។ លោក Guardiola នឹងមិនឈ្នះទេ ។ គ្រូបង្វឹកដូចជាលោក Jurgen Klopp, Maurizio Sarri និង Mauricio Pochettino សុទ្ធសឹងជាគ្រូបង្វឹកដ៏អស្ចារ្យជាមួយនឹងក្រុមដ៏ល្អ និងធនធានដើម្បីប្រកួតប្រជែង ។ ក្រុមនេះជាក្រុមពិសេស ប៉ុន្តែវាមិនទាន់បញ្ចប់នៅឡើយទេ “។
គ្រាប់បាល់តង់ទី១ របស់កីឡាករ David Silva និងខ្សែប្រយុទ្ធ Sergio Aguero បានធ្វើឱ្យក្រុមម្ចាស់ផ្ទះទទួលជ័យជម្នះមុនពេលក្រុមបីសាចក្រហម Manchester United បានធ្វើការតបតរមួយគ្រាប់វិញក្រោយពីការទាត់បាល់ពិន័យ ១១ ម៉ែត្ររបស់ Anthony Martial ។ ប៉ុន្តែ ២ គ្រាប់នេះមិនទាន់គ្រប់គ្រាន់សម្រាប់ក្រុមមេឃខៀវទេដោយ Ilkay Gundogan បានស៊ុតបាល់បញ្ចូលទីបន្ថែមមួយគ្រាប់ទៀតដែលជាគ្រាប់បាល់ទី ៣ ដោយធ្វើឱ្យក្លឹប Manchester City ទទួលបាន ៣ ពិន្ទុនៅសប្ដាហ៍ទី ១២ នេះនៃតារាងក្របខ័ណ្ឌ Premier League រដូវកាល ២០១៨-១៩ នេះ ៕
ដោយ៖តារា