ទោះមិនសូវមានអ្នកចាប់អារម្មណ៍ច្រើន តែបច្ចប្បន្នបុរសផ្ការីកគ្រប់រដូវ សុះ​ ស៊ូហាណា ជាកីឡាករខ្មែររកគ្រាប់បានច្រើនជាងគេ

16287
  • សុះ ស៊ូហាណា ជាកីឡាករឆ្នើមមួយរូបនៅកម្ពុជា មិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រប៉ុន្មានទេ ដោយកីឡាកររូបនេះមានភាពស្ងប់ស្ងាត់ច្រើនទាំងនៅលើទីលានវាលស្មៅ និងក្នុងបណ្ដាញសង្គម ដែលរូបគេដឹងតែផ្ដោតពីខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតនៅលើទីលានប៉ុណ្ណោះ។ រីឯការបង្ហាញខ្លួននៅក្លិបណាហ្គាវើលដ៍ និងក្រុមជម្រើសជាតិកម្ពុជាវិញ កីឡាកររូបនេះតែងតែទទួលបានទំនុកចិត្តខ្ពស់ និងជាប់ជាជម្រើសដំបូងរបស់គ្រូបង្វឹកគ្រប់រូបជារឿយៗ ដែលនាំឲអ្នកនិយមបាល់ទាត់ជាតិដាក់នាម «បុរសផ្ការីកគ្រប់រដូវ»។ ក្នុងការចាប់ផ្ដើមរដូវកាលថ្មីនេះវិញ ខ្សែបម្រើណាហ្គាវើដ៍រូបនេះរកបាន៣គ្រាប់ ដោយប្រើក្បាលទាំងអស់ ក្នុងចំណោម៤ប្រកួត ដែលរកបានគ្រាប់បាល់ច្រើនជាងកីឡាករខ្មែរណាៗទាំងអស់ គិតត្រឹមសប្ដាហ៍ទី៥ នៃក្របខណ្ឌ Metfone Cambodian League 2021 កន្លងទៅ ពោលពេលណាហ្គាវើលដ៍ឈ្នះបឹងកេត, ឈ្នះអគ្គិសនីកម្ពុជា និងស្មើសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ ជុំវិញការតែតចូល៣គ្រាប់នេះ ហាណា បានថ្លែងប្រាប់ CNCC ថា៖«និយាយទៅប្រហែលរួមផ្សំគ្នាផង។ ខ្ញុំមានអារម្មណ៍ថា ដឹងខ្យល់បាល់ ទៅ ហើយអ្នកបញ្ជូនក៏ល្អដែរ និងបូកផ្សំនឹងភាពចៃដន្យដែរទើបខ្ញុំអាចតែតបញ្ចូលទីបានដល់ទៅ៣គ្រាប់អ៊ីចឹង»។ គ្រាប់តែតបញ្ចូលទី ទី១របស់ សុះ ស៊ូហាណា កើតឡើងពីការបញ្ជូនដោយវ៉ា សុខថន ដែលជាគ្រាប់ជ័យជម្នះលើបឹងកេត។ ចំណែកគ្រាប់ទី២ និងទី៣កើតឡើងពីការបញ្ជូនដោយខ្សែបម្រើជប៉ុន Fumiya Kogure។ គ្រាប់បាល់ទាំង៣គ្រាប់នេះធ្វើឲ្យ សុះ ស៊ូហាណា រកបានគ្រាប់បាល់ច្រើនជាងគេជាកីឡាករខ្មែរក្នុងលីគ និងជាកីឡាករណាហ្គាវើលដ៍រកគ្រាប់បាល់បានច្រើនជាងគេ គិតពីការប្រកួត ៤លើកដំបូងនេះដែរ។ ចំណែកអ្នកឈរលើកំពូលតារាងរួម Top Scorer តែម្ដង គឺខ្សែប្រយុទ្ធអេស្ប៉ាញ Miguel Ángel Junco Martínez ឬ Mika របស់ព្រះខ័នរាជស្វាយរៀង ដែលរកបាន៧គ្រាប់ពីការប្រកួត៤លើក។ គួរឲដឹងដែរថា​ លីគកំពូលកម្ពុជាបានផ្អាកការប្រកួតនាចុងខែឧសភា និងគ្រោងត្រឡប់មកវិញនាខែកក្កដាខាងមុខនេះ ដោយការសម្រាកនេះគឺជាពេលវេលាក្រុមជម្រើសជាតិប្រមូលផ្ដុំ និងក្លិបមួយចំនួនប្រកួតពានរង្វាន់អន្តរជាតិ៕ ដោយ៖ភារៈ

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី