
លោក Santiago Solari បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលបីឆ្នាំដើម្បីក្លាយជាគ្រូបង្វឹកពេញសិទ្ធរបស់ក្លឹប Real Madrid រហូតដល់រដូវកាល ២០២០-២១ ។ លោក Solari បានដឹកនាំ Real Madrid ឱ្យទទួលជ័យជម្នះ ៤ លើកជាប់ៗគ្នាក្នុងរយះចំនួន ៤ ប្រកួតកន្លងមកនេះក្នុងនាមលោកជាគ្រូបង្វឹកបណ្ដោះអាសន្ន ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាមួយដែលធ្វើឲ្យគាត់និងបុគ្គលិករបស់គាត់នឹងនៅតែដឹកនាំនៅឯកីឡាដ្ឋាន Santiago Bernabeu សម្រាប់រដូវកាលដែលនៅសល់ និងរដូវកាលបន្ទាប់ទៀត ។ ការស្វែងរកអ្នកចាត់ការថ្មីរបស់ក្លឹប Real Madrid បានផ្តោតលើអតីតគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Antonio Conte ប៉ុន្តែនៅទីបំផុតបុរសសញ្ជាតិអ៊ីតាលីរូបនេះបានចេញមុខនិយាយថាលោកមានគម្រោងធំមួយនាខែ មិថុនា ខាងមុខ ។ ការទទួលជ័យជម្នះកាលពីសប្តាហ៍មុនទៅលើក្រុម Viktoria Plzen ជាជ័យជម្នះលើកដំបូងរបស់គាត់ក្នុងនៅក្របខ័ណ្ឌ Champions League និងឈ្នះ ៣ លើកជាប់ៗគ្នាក្នុងក្របខ័ណ្ឌ La Liga ។
លោក Emilio Butragueno នាយកគ្រប់គ្រងក្លឹប Real Madrid បានប្រាប់ទៅ Movistar + ថា៖ “ការពិតគឺថាយើងពិតជារីករាយណាស់ជាមួយគាត់ ។ គ្មានអ្វីដែលគួរឱ្យសង្ស័យទេដែលថាគាត់បានមកនៅ ខណៈពេលជាក់លាក់មួយហើយគាត់អាចសម្រេចបាននូវលទ្ធផលដ៏ល្អ “។
ការទទួលជ័យជម្នះនៅលើទឹកដី Celta បានផ្តល់ឱ្យលោក Solari ឈ្នះ ៤ លើកជាប់ៗគ្នាក្នុងចំណោម ៤ ប្រកួតកន្លងមកដោយស៊ុតបញ្ចូលទីគេ ១៥ គ្រាប់ និងត្រូវបានគេស៊ុតចូលវិញត្រឹមតែ ២ គ្រាប់ប៉ុណ្ណោះ ៕
ដោយ៖តារា