
Manuel Neuer បាននិយាយថាគាត់មានទំនុកចិត្តបើទោះបីជាមានការព្រួយបារម្ភជុំវិញទម្រង់លេងរបស់ខ្លួនសម្រាប់ជម្រើសជាតិ អាល្លឺម៉ង់ និង Bayern Munich ក្នុងឆ្នាំ ២០១៨ យ៉ាងណាក៏ដោយ ។
អ្នកចាំទីវ័យ ៣២ ឆ្នាំរូបនេះបានរងនូវការលំបាកក្នុងការប្រកួត World Cup ក្រោយពីវិលត្រលប់មកវិញក្រោយពីអវត្តមានរយៈពេលយូរដោយសាររបួសបាក់ជើង ខណៈក្រុមការពារជើងឯកបានបានធ្លាក់ត្រឹមវគ្គចែកពូលនៃការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup 2018 ។ ការបង្ហាញទម្រង់លេងរបស់ Neuer សម្រាប់ក្លឹប Bayern Munich ក៏ត្រូវបានគេចោទសួរក្នុងរដូវកាលនេះផងដែរដែលអ្នកចាំទីដៃស្អិតបំផុតក្នុងលោករូបនេះបានបណ្តោយឱ្យគេស៊ុតទម្លោះដៃរបស់ខ្លួនចំនួន ៨ គ្រាប់ក្នុងអំឡុងប៉ុន្មានប្រកួតកន្លងមកនេះ ។
អ្នកចាំទី Manuel Neuer រូបនេះបាននិយាយថា៖ “ខ្ញុំមានទម្រង់លេងល្អ ខ្ញុំមានការប្រកួតដ៏ល្អពេលប្រកួតប៉ះជាមួយនឹង Borussia Dortmund “។
Neuer នឹងត្រូវមានភារៈកិច្ចជួយក្រុមជម្រើសជាតិអាល្លឺម៉ង់នៅសប្តាហ៍នេះ ជាមួយនឹងការប្រកួតជាមួយក្រុមជម្រើសជាតិ រុស្ស៊ី នៅថ្ងៃទី ១៦ នឹងបន្តជួបជាមួយក្រុមជម្រើសជាតិហូឡង់នៅថ្ងៃចន្ទ ខណះលោក Joachim Low កំពុងដឹកនាំក្រុមស្វែងរកជ័យជម្នះជាលើកដំបូងរបស់ពួកគេ ។
អ្នកចាំទីរូបនេះវ័យ ៣២ ឆ្នាំរូបនេះបានមានប្រសាសន៍ថា៖ “យើងចង់បញ្ចប់ឆ្នាំដែលមិនល្អសម្រាប់យើងនៅលើកំណត់ត្រាខ្ពស់និងឈ្នះការប្រកួតទាំងពីរ ។ យើងមានសុទិដ្ឋិនិយមថាយើងអាចធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតទាំងពីរនេះ ។ ជាពិសេសទល់នឹងហូឡង់ យើងចង់ឈ្នះខ្លាំងណាស់ “៕
ដោយ៖តារា