ម្ចាស់ផ្ទះវៀតណាម អាចបន្តរៀបចំស៊ីហ្គេមដោយរក្សានៅឆ្នាំ២០២១ ឬពន្យារត្រឹមដើមឆ្នាំ២០២២ប៉ុណ្ណោះ

15325
  • បើយោងតាមការចេញផ្សាយ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ គឺម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម ឆ្នាំ២០២១ បានរក្សាទុកនូវសេណារីយោត្រឹម២ប៉ុណ្ណោះ ដោយរក្សាកាលបរិច្ឆេទ នៅចុងឆ្នាំ២០២១ដដែល ឬអាចពន្យារពេលទៅឆ្នាំ២០២២វិញ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងលោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ដែលបានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជាក្រុមប្រឹក្សារៀបចំការប្រកួតកីឡាស៊ីហ្គេម តាមប្រព័ន្ធអនឡាញ។ លោកសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីស្ដាប់របាយការណ៍ចុងក្រោយ ក៏ដូចជាស្ដាប់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្នុងការពិនិត្យមើលលទ្ធភាពរបស់វៀតណាម ដែលត្រូវធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២១ ថាតើត្រូវរក្សាទុកនូវកម្មវិធី និងពេលវេលា នៃការប្រកួតដដែល ឬមួយក៏ត្រូវលើកពេល? កាលពីប្រជុំលើកមុន វៀតណាមបានដាក់សេណារីយោ ៣ ដើម្បីធ្វើការពិគ្រោះយោបល់ និងការសម្រេចពីរដ្ឋាភិបាលវៀតណាម។ ឥឡូវនេះ ដោយសារគណៈកម្មាធិការអូឡាំពិកវៀតណាមបានអះអាងថា មិនទាន់បានទទួលការសម្រេចចិត្តពីរដ្ឋាភិបាលនៅឡើយទេ ប៉ុន្ដែរដ្ឋាភិបាលវៀតណាមសុំកិច្ចប្រជុំនេះ ដោយកំណត់យកលក្ខខណ្ឌតែ ២ប៉ុណ្ណោះ ដើម្បីយកទៅធ្វើការសម្រេចចិត្ត។ មានន័យថា កាលមុន សេណារីយោមាន៣ ប៉ុន្តែឥឡូវបន្ថយមកនៅសេណារីយោតែ២ទេ គឺទី១-ប្រទេសទាំងអស់ សុំឲ្យរក្សានូវកម្មវិធី ឬកាលបរិច្ឆេទនៅដដែល គឺរៀបចំពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ និងទី២-ពិភាក្សា និងអនុម័តទៅលើវៀតណាមអាចនឹងលើកទៅឆ្នាំ២០២២ ក្នុងខែមេសា ឬខែឧសភា មិនឲ្យលើសពីខែនេះទេ តែដោយឡែក កម្ពុជាយើងបានសំណូមពរបើសិនជាវៀតណាមចង់លើកពេលទៅឆ្នាំក្រោយ កុំយកខែឧសភា ព្រោះវាជាន់នឹងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិរបស់យើង។ ក្នុងអង្គប្រជុំសមាជិកបានដាក់សេណារីយោ២នេះ ហើយភាគីវៀតណាម បានឆ្លើយតបដោយពេញចិត្តថា សេណារីយោទាំង២នេះ នឹងដាក់ជូនរដ្ឋាភិបាលរបស់ខ្លួន ដើម្បីធ្វើការសម្រេចជាចុងក្រោយក្នុង២សប្ដាហ៍ខាងមុខ។ មានន័យថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ការកោះប្រជុំរបស់គណៈអចិន្ដ្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នឹងអនុម័តចុងក្រោយ ហើយបានដាក់លក្ខខណ្ឌឲ្យវៀតណាមថា ត្រូវតែអនុម័តចុងក្រោយ នៅថ្ងៃទី៨ ខែកក្កដាខាងមុខនេះ។ លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា៖ «ទោះបីវៀតណាម លើកពេលទៅឆ្នាំ២០២២ក៏ដោយ ក៏កម្ពុជា ចាប់ពីឆ្នាំ២០២២ គឺអាចធ្វើការងាររបស់ខ្លួនក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បណ្ដោះអាសន្ន យើងមិនទាន់ទទួលការផ្ដល់សិទ្ធិអំណាចជាផ្លូវការមែន តែក្នុងអង្គប្រជុំ ប្រទេសទាំងអស់ឯកភាពថា កម្ពុជាអាចរក្សានូវផែនការយុទ្ធសាស្ដ្រ និងការងាររបស់ខ្លួន នៅដើមឆ្នាំ២០២២តទៅ។ យើងនឹងចាប់ផ្ដើមយុទ្ធនាការទូទាំងប្រទេស និងយុទ្ធនាការលើឆាកអន្ដរជាតិអំពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់យើង គឺគេបានគាំទ្រ ហើយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍មុនស៊ីហ្គេមនៅវៀតណាមក៏បាន គេថាអត់មានបញ្ហាអ្វីទេ គេឲ្យយើងធ្វើ។ បានន័យថា យើងទទួលបានការគាំទ្រពេញទំហំពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឲ្យយើងធ្វើជាម្ចាស់ផ្ទះ ដោយមិនមានការប៉ះទង្គិចផ្លូវច្បាប់ ឬបញ្ហាអ្វីឡើយ»៕ ដោយ៖ភារៈ

    ប្រភព :
    CAMSOC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី