
ខ្សែបម្រើ Arturo Vidal ត្រូវបានគេជឿជាក់ថាកំពុងមានបញ្ហាជាមួយលោក Ernesto Valverde ដែលជាគ្រូបង្វឹករបស់ក្លឹប FC Barcelona ។ Vidal បានចាប់ផ្តើមជាជម្រើសដំបូងបានត្រឹមតែពីរប្រកួតប៉ុណ្ណោះនៅរដូវកាលដំបូងរបស់គាត់ ។ បើយោងតាមការសែត Corriere dello Sport បានឱ្យដឹងថាក្លឹប Juventus កំពុងតែតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់ Vidal នៅឯក្លឹប Barceloca ។
ក្លឹប Juventus កំពុងសម្លឹងមើលលទ្ធភាពនៃការនាំយកអតីតខ្សែបម្រើរបស់ខ្លួន Arturo Vidal ត្រឡប់ទៅវិញពីក្លិប Barcelona ។ បើតាមការសែត Corriere dello Sport របស់អ៊ីតាលីបាននិយាយថាកីឡាករសញ្ជាតិឈីលីរូបនេះអាចនឹងបង្កឱ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតក្នុងការវិលត្រលប់ទៅកាន់ទីក្រុង Turin វិញ ខណះក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ចំនួន ៧ សម័យកាលជាប់ៗគ្នាមួយនេះកំពុងតែមានកង្វល់អំពីបញ្ហានៅតំបន់បម្រើរបស់ពួកគេផងដែរ ។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមយក្សរបស់អេស្ប៉ាញក្លឹបអ្នកមានបុណ្យ FC Barcalona កាលពីរដូវក្តៅនេះ ខណះ Arturo Vidal បានចាប់ផ្តើមជាជម្រើសដំបូងត្រឹមតែ ២ លើកប៉ុណ្ណោះក្នុងចំណោម ១២ ប្រកួតនៅនារដូវកាលថ្មីនេះ និងត្រូវបានគេជឿជាក់ថារូបគេកំពុងតែមានការខកចិត្តយ៉ាងខ្លាំងជាមួយនឹងគ្រូបង្វឹកលោក Valverde ។
ក្រុមម្ចាស់ជើងឯក La Liga បានចំណាយលុយចំនួន ១៨ លានអឺរ៉ូទៅលើខ្សែបម្រើរូបនេះពីក្រុមយក្សរបស់អាល្លឺម៉ង់ក្លឹប Bayern Munich ក្រោយពីចំណាយពេលដ៏អស្ចារ្យ ៣ ឆ្នាំបន្ទាប់ចាកចេញពីក្លឹបសេះបង្កង់ Juventus កាលពី ៣ ឆ្នាំមុន ។
គួររំលឹកផងដែរថា Arturo Vidal បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ចំនួន ៤ ដង ហើយបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹង Juventus មុនពេលចូលរួមជាមួយ Bayern Munich កាលពីឆ្នាំ ២០១៥ ៕
ដោយ៖តារា