
កីឡាករឆ្នើម Marco Reus និង Toni Kroos នឹងត្រូវខកខានជួយក្រុមជម្រើសជាតិអាល្លឺម៉ង់ ពេលប៉ះជាមួយ រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ។
ខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund កីឡាករ Marco Reus កំពុងមានបញ្ហារបួសជើងបន្តិចបន្តួច ដោយមិនទាន់អាចធ្វើការហ្វឹកហាត់ពេញនៅឡើយទេ ដោយគេព្យាករណ៍ថាអាចនឹងបង្ហាញខ្លួនពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិហូឡង់ នៅថ្ងៃចន្ទ ខណះខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Toni Kroos មិនទាន់បានធ្វើការហ្វឹកហាត់ណាមួយជាមួយនឹងក្រុមជម្រើសជាតិឡើយដោយរូបគេត្រូវបានអនុញ្ញាតឲ្យមានពេលវេលាសម្រាកបន្ថែមទៀត ក្រោយពីមានការប្រកួតជាច្រើនជាមួយក្លឹបរបស់គេ ។
លោក Joachim Low បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ “Marco Reus មិនអាចហ្វឹកហាត់បានទេនៅពេលនេះ ហើយជាអកុសលគាត់មិនអាចបង្ហាញខ្លួនពេលប្រកួតប៉ះជាមួយរុស្ស៊ី ។ គាត់គ្រោងនឹងធ្វើការហ្វឹកហាត់នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែយើងត្រូវតែមើលវាពីមួយថ្ងៃទៅមួយថ្ងៃ ។ Toni ទទួលបានសិទ្ធឈប់សម្រាកចំនួនពីរបីថ្ងៃ “។
គ្រូបង្វឹកក្រុមជម្រើសជាតិ អាល្លឺម៉ង់ លោក Joachim Low កំពុងដឹកនាំកូនក្រុមរបស់ខ្លួនដើម្បីស្វែងរកជ័យជម្នះដើម្បីស្ដាមុខមាត់ក្រោយពីរងបរាជ័យយ៉ាងធ្ងន់ករនៅក្នុងព្រឹត្តិការណ៍ការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup ២០១៨ ដោយធ្លាក់ត្រឺមតែវគ្គចែកពូលតែប៉ុណ្ណោះក្នុងនាមជាក្រុមការពារដំណែងជើងឯកកាលពីឆ្នាំ ២០១៤ ៕
ដោយ៖តារា