
កីឡាករវ័យក្មេង Phil Foden កំពុងស្ថិតក្នុងផ្លូវទៅធ្វើការចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៦ ឆ្នាំជាមួយក្លឹបមេឃខៀវ Manchester City នាពេលឆាប់ៗនេះ ។
Phil Foden មានវ័យ ១៨ ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបកំពូលៗនៅទូទាំងទ្វីបអឺរ៉ុបនាពេលថ្មីៗនេះ ប៉ុន្តែគាត់ចង់ក្លាយជាកីឡាករឆ្នើមម្នាក់នៅក្នុងក្លឹបដែលបានបណ្ដុះបណ្ដាលខ្លួនគេ ហើយត្រូវបានភ្នាក់ងារបស់គាត់ណែនាំឱ្យធ្វើកិច្ចសន្យាថ្មីជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ថែមទៀតផង ។
កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើវ័យ ១៨ ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២០ ខណៈពេលដែលក្លឹប Manchester City បានធ្វើការផ្តល់ជូននៅកុងត្រារយះពេល ៦ ឆ្នាំដល់រូបគេ ហើយត្រូវបានគេរំពឹងថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅចុះកុងត្រាក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត ។
ប្រភពដែលជិតស្និទ្ធនឹង Phil Foden បានប្រាប់ឲ្យដឹងថាលក្ខខណ្ឌថ្មីនេះអាចនឹងធ្វើឱ្យរូបគេទទួលបានប្រាក់ឈ្នួលល្អជាងមុន ដោយកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្សែបម្រើវ័យ ១៨ ឆ្នាំរូបនេះទទួលបានត្រឹមតែ ១៥.០០០ ផោនក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ ។ ហើយលោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City គឺជាអ្នកគាំទ្រដ៏ធំទៅលើសមាជិកក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ រូបនេះផងដែរ ដោយបាននិយាយម្តងហើយម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់គាត់ដើម្បីរក្សាខ្សែបម្រើវ័យក្មេងរូបនេះ ៕
ដោយ៖តារា