
លោក Luis Figo មានអារម្មណ៍ថាកីឡាករ Luka Modric របស់ក្លឹប Real Madrid និងជម្រើសជាតិក្រូអាត សាកសមទទួលបានងារជាកីឡាករល្អបំផុតក្នុងពិភពលោក ។
Luka Modric នៅប៉ុន្មានឆ្នាំនេះទទួលបានជោគជ័យខ្លាំងបំផុតក្នុងអាជីពរបស់គាត់ ក្រោយពីជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៣ រដូវកាលជាប់ៗគ្នា និងបានដឹកនាំក្រុមជម្រើសជាតិក្រូអាត ឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup 2018 នៅរុស្ស៊ី ។
នៅក្នុងឆ្នាំ ២០១៨ នេះខ្សែបម្រើវ័យ ៣២ ឆ្នាំរូបនេះបានប្រមូលយកពានបុគ្គលធំៗស្ទើរតែទាំងអស់រួមមានពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លឹប UEFA ( UEFA Men’s Player of the Year Award ) និង កីឡាករល្អបំផុតរបស់ FIFA ( The Best FIFA Men’s Player ) បន្ទាប់ពីបានផ្ដួលកំពូលកីឡាករ Cristiano Ronaldo និង Mohamed Salah ខណះរូបគេក៏ជាបេក្ខភាពកំពូលផងដែរក្នុងប្រជែងយកពានបុគ្គលធំបំផុតសម្រាប់អាជីពជាកីឡាករបាល់ទាត់គឺពានរង្វាន់ Ballon d’Or នៅឆ្នាំនេះផងដែរ ។
អតីតកីឡាករឆ្នើមរបស់ក្លឹបធិរាជស Real Madrid លោក Luis Figo បាននិយាយប្រាប់ Goal ថា៖ “គាត់ ( Modric ) គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករល្អបំផុតក្នុងលោក ។ ពានរង្វាន់ទាំងនេះតែងតែជាប្រធានបទ ប៉ុន្តែពិតណាស់ Modric ពិតជាមានរដូវកាលដ៏អស្ចារ្យ ។ គាត់បានធ្វើឱ្យមានភាពខុសគ្នាជាមួយនឹងក្រុមជម្រើសជាតិរបស់គាត់និងជាមួយនឹងក្រុម Real Madrid ។ ដោយហេតុផលនេះពានរង្វាន់បុគ្គលធំៗគាត់សាកសមនឹងទទួលបាន ។ ខ្ញុំរស់នៅទីក្រុងម៉ាឌ្រីដ ហើយទោះបីជាយើងមិនបានលេងជាមួយគ្នាក៏ដោយក៏យើងបាននៅទីកន្លែងដូចគ្នាដែរ យើងស្គាល់គ្នាហើយបានចែករំលែកបទពិសោធន៍ជាមួយគ្នា ។ គាត់គឺជាមនុស្សម្នាក់ដ៏អស្ចារ្យ ហើយវាធ្វើឱ្យខ្ញុំសប្បាយចិត្តដែលឆ្នាំនេះគាត់បានឈ្នះពានរង្វាន់បុគ្គលជាច្រើន” ។
Lionel Messi បានរីករាយជាមួយឆ្នាំដ៏ល្អមួយផ្សេងទៀតជាមួយក្រុម Barcelona ដែលបានឈ្នះពានរង្វាន់ក្នុងស្រុកចំនួន ២ កាលពីរដូវកាលមុន មុនពេលចាប់ផ្តើមយុទ្ធនាការបច្ចុប្បន្នក្នុងទម្រង់ដ៏អស្ចារ្យរបស់គាត់ ។ ទោះជាយ៉ាងណាក៏ដោយម្ចាស់អាវលេខ ១០ របស់ក្លឹប Barcelona រូបនេះបានរងការខកចិត្តយ៉ាងខ្លាំងនៅកម្រិតអន្តរជាតិដោយអាហ្សង់ទីន ត្រូវបានបារាំង ទម្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួត World Cup នៅក្នុងប្រទេសរុស្ស៊ី ។
ហើយ Messi ក៏ត្រូវបានគេរិះគន់ចំពោះការខ្វះភាពជាអ្នកដឹកនាំផងដែរ ប៉ុន្តែលោក Figo ជឿជាក់ថាវាមិនយុត្តិធម៌ទេក្នុងការវិនិច្ឆ័យកីឡាករវ័យ ៣១ ឆ្នាំរូបនេះយ៉ាងខ្លាំងចំពោះគុណភាពនៃការលេងរបស់គាត់សម្រាប់ក្លឹបនិងប្រទេស ។
វិរៈបុរសក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានអះអាងថា៖ “មិត្តរួមក្រុមគឺមិនដូចគ្នាទេ ប្រព័ន្ធយុទ្ធសាស្ត្រមិនដូចគ្នាទេ គូបដិបក្ខមិនមានប្រភេទដូចគ្នានោះទេ ។ នៅពេលដែលគុណភាពរបស់ក្រុមគឺទាបវាកាន់តែពិបាកសម្រាប់អ្នកលេងដើម្បីឈ្នះការប្រកួតដូចជា World Cup ដោយខ្លួនឯង ។ គាត់អាចធ្វើឱ្យមានការផ្លាស់ប្តូរមួយឬពីរប្រកួត ប៉ុន្តែវាពិបាកក្នុងការទទួលជ័យជម្នះដោយមិនមានក្រុមដែលមានកម្រិតខ្ពស់ ។ ខ្ញុំគិតថានេះជាភាពខុសគ្នាដ៏ធំមួយរវាងក្លឹបរបស់គាត់ និងក្រុមជម្រើសជាតិ ដែលមានស្ថានភាពនិងដែនកំណត់ផ្សេងៗគ្នាដែលប៉ះពាល់ដល់ការលេងរបស់គាត់” ៕
ដោយ៖តារា