
កីឡាករ James Rodriguez នារដូវកាលនេះដូចជាមិនសូវបានបង្ហាញខ្លួនច្រើនប្រកួតប៉ុន្មានទេ ខណះក្លឹប Bayern Munich បានប្រកាសថាខ្សែបម្រើរូបនេះមានបញ្ហារបួសជង្គង់ក្នុងអំឡុងពេលហ្វឹកហាត់ ។
ខ្សែបម្រើ-ប្រយុទ្ធអន្តរជាតិកូឡុំប៊ីរូបនេះបានចាប់ផ្តើមជាជម្រើសដំបូងបានត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Bundesliga និងក្លាយជាកីឡាករបម្រុងក្នុងជំនួប Klassiker ( El Clasico ) ខណះ Bayern Munich បានភ្លាត់ចាញ់នៅក្រៅដីក្រោមថ្វីជើងក្រុមកំពុងឈរនៅកំពូលតារាងក្លឹប Borussia Dortmund ។
ការប្រកួតចាញ់នោះបានធ្វើឱ្យម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ ៦ សម័យកាលជាប់ៗគ្នានេះ នៅពីក្រោម Borussia Dortmund ចំនួន ៧ ពិន្ទុ ហើយព័ត៌មានរបួសរបស់ James ធ្វើឱ្យក្រុមលោក Niko Kovac កាន់តែមានការខកចិត្តបន្ថែមទៀត ។ Bayern Munich បានបញ្ជាក់កាលពីថ្ងៃពុធថាកីឡាករ James Rodriguez បានរងរបួសជង្គង់ខាងឆ្វេងក្នុងអំឡុងពេលការហ្វឹកហាត់កាលពីថ្ងៃអង្គារដែលជាការរងរបួសដែលនឹងធ្វើឱ្យរូបគេសម្រាកពីទីលានអស់រយះពេលជាច្រើនសប្ដាហ៍ ។
សេចក្តីថ្លែងការណ៍របស់ក្លឹបមួយបាននិយាយថា៖ “របួសជង្គង់របស់ James នឹងត្រូវសម្រាករយៈពេល ១០ ថ្ងៃ មុនពេលគាត់ចាប់ផ្តើមការព្យាបាលនិងចូលហ្វឹកហាត់ឡើងវិញ” ។
ដូច្នេះខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះអាចនឹងត្រូវអវត្តជួយក្លឹប Bayern Munich ទាំងការប្រកួតនៅក្របខ័ណ្ឌ Bundesliga និងក្របខ័ណ្ឌ Champions League រហូតដល់ចប់ឆ្នាំ ២០១៨ នេះ ។ Bayern Munich រកបាន ១០ ពិន្ទុពីការប្រកួត ៤ លើកដោយកំពុងឈរនៅកំពូលតារាងនៃពូល E ខណះប្រកួតចុងក្រោយបន្ទាប់របស់ពួកគេនឹងត្រូវជួបជាមួយ Benfica និង Ajax ។
លោក Niko Kovac ក៏បាននិយាយផងដែរទាក់ទងជាមួយនឹងការមិនសូវបានលេងរបស់កីឡាករដែលបានខ្ចីជើងពីក្លឹប Real Madrid ខ្សែបម្រើសញ្ជាតិ កូឡុំប៊ី James Rodriguez ដោយនិយាយថា៖ “យើងមានកីឡាករអន្តរជាតិជាច្រើន ហើយវាជារឿងធម្មតាទេដែលកីឡាករម្នាក់លេង ហើយម្នាក់ទៀតមិនបានលេង ។ James គឺជាកីឡាករដែលមានគុណភាពដ៏អស្ចារ្យ និងមានសារៈសំខាន់សម្រាប់ក្លឹប ។ គាត់បានបង្ហាញខ្លួនជាច្រើនលើក ប៉ុន្តែខ្ញុំមិនអាចលេងជាមួយកីឡាករ ១២ នាក់នោះទេ គាត់នឹងលេងជាច្រើនប្រកួតដូចអ្នកដទៃដែរ” ៕
ដោយ៖តារា