
កីឡាករ Ivan Rakitic និង Luka Modric ទោះបីជាគូរសត្រូវនឹងគ្នានៅក្នុងក្លឹបផ្សេងគ្នាយ៉ាងណាក៏ដោយក៏ប៉ុន្តែខ្សែបម្រើឆ្នើមរបស់ក្លឹប FC Barcelona រូបនេះបែជាមានចិត្តស្រឡាញ់ Modric ដូចជាបងប្រុសរបស់ខ្លួនទៅវិញ ។
ការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ Luka Modric សម្រាប់ក្រុម Real Madrid និងក្រុមជម្រើសជាតិក្រូអាត នៅឆ្នាំនេះ បានធ្វើឲ្យគាត់ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA ( UEFA Men’s Player of the Year Award ) និង កីឡាករល្អបំផុតរបស់ FIFA ( The Best FIFA Men’s Player ) ខណៈដែលគាត់ក៏កំពុងស្ថិតក្នុងការប្រជែងយកពានរង្វាន់ Ballon d’Or នៅឆ្នាំនេះផងដែរ ។
Rakitic បានប្រាប់ការសែត Jutarnji ថា៖ ” Luka គឺប្រៀបដូចជាបងប្រុសរបស់ខ្ញុំ ។ ពានរង្វាន់ទាំងអស់ដែលគាត់បានឈ្នះនៅឆ្នាំនេះក៏ដូចជាខ្ញុំកំពុងទទួលបានផងដែរ ។ យើងទាំងអស់គ្នាបានធ្វើរឿងនេះជាមួយគ្នា” ។
Modric មិនមែនជាខ្សែបម្រើតែម្នាក់គត់ដែល Rakitic មានក្តីរំភើបរីករាយក្នុងការលេងជាមួយនោះទេ ខណៈដែលគាត់បានសម្តែងនូវការកោតសរសើរចំពោះមិត្តរួមក្លឹបរបស់គាត់គឺកីឡាករសញ្ជាតិអេស្ប៉ាញ Sergio Busquets ផងដែរ ។
ខ្សែបម្រើវ័យ ៣០ ឆ្នាំរូបនេះបាននិយាយថា៖ ” ប្រសិនបើអ្នកសួរខ្ញុំអំពី Busquets វាពិតជាកិត្តិយសណាស់ ដែលខ្ញុំអាចលេងជាមួយគាត់ ។ យើងទទួលបានការងារដ៏អស្ចារ្យនៅលើទីលាន ហើយ Sergio គឺជាតួអង្គដ៏អស្ចារ្យ ។ ខ្ញុំតែងតែចង់មានកីឡាករល្អៗនៅជិតខ្ញុំ ដូច្នេះខ្ញុំសប្បាយចិត្តនៅពេលដែល Sergio គឺនៅក្បែរខ្ញុំ ។ នៅពេលដែលអ្នកដឹងថាគាត់នៅលើទីលានជាមួយអ្នកឬនៅពីក្រោយអ្នក អ្នកនឹងកាត់បន្ថយសម្ពាធដោយស្វ័យប្រវត្តិ និងមានអារម្មណ៍ថាមានទំនប់ចិត្ត “៕
ដោយ៖តារា