
យោងតាមគេហទំព័រ Football Italia បានចុះផ្សាយថាក្លឹប Juventus មិនចាប់អារម្មណ៍ទៅលើការនាំយកអ្នកចាំទី Keylor Navas ឡើយ ។ កាលពីដើមសប្តាហ៍នេះប្រភពពត៌មានជាច្រើនរួមមានទាំង ESPN បានចុះផ្សាយពាក្យចចាមអារ៉ាមថាអ្នកចាំទីសញ្ជាតិ Costa Rican អាចនឹងដើរតាមអតីតមិត្តរួមក្រុមរបស់ខ្លួន Cristiano Ronaldo ផ្ទេរទៅលេងនៅទីក្រុង Turin ។
ទោះបីជាយ៉ាងណាក៏ដោយឥឡូវនេះវាហាក់ដូចជា Juventus កំពុងតែសប្បាយចិត្តជាមួយនឹងការជ្រើសរើសអ្នកចាំទីរបស់ពួកគេ ។ ពួកគេមាន Wojciech Szczesny ដែលបានផ្ទេរពីក្លឹប AS Roma ប៉ុន្តែត្រូវរង់ចាំការលេងរហូតដល់អ្នកចាំទីចាស់វស្សា Buffon ចាកចេញ ។ កាលពីរដូវក្តៅនេះអ្នកចាំទីសញ្ជាតិអ៊ីតាលី Gianluigi Buffon បានចូលរួមជាមួយក្លឹបយក្សបារាំង Paris Saint-Germain ដោយគ្មានតម្លៃខ្លួន ។
Keylor Navas ត្រូវបានគេនិយាយថាបានធ្លាក់ចុះនៃការលេងរបស់ខ្លួនក្នុងនាមជាអ្នកចាំទីដៃទីមួយ ចាប់តាំងពីក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ៣ សម័យកាលជាប់គ្នានេះធ្វើការនាំយកម្ចាស់ស្រោមដៃមាសនៃព្រឹត្តការណ៍ FIFA World Cup ២០១៨ Thibaut Courtois ពីក្លឹបតោខៀវ Chelsea កាលពីរដូវក្តៅនេះជាមួយនឹងតម្លៃខ្លួន ៣៥ លានអឺរ៉ូ ។ បច្ចុប្បន្ន Keylor Navas បានលេងត្រឹមតែនៅក្នុងពានរង្វាន់ Copa del Rey តែប៉ុណ្ណោះ ខណៈដែលអ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិ បែលហ្ស៊ិក រូបនេះជាអ្នកកាន់កាប់ទាំងនៅក្នុងក្របខ័ណ្ឌ La Liga និង Champions League ។
គួរបញ្ជាក់ផងដែរថា អ្នកចាំទីវ័យ ៣១ ឆ្នាំ Keylor Navas ត្រូវបានក្លឹបអធិរាជស Real Madrid ទិញយកពីក្លឹប Levante កាលពីឆ្នាំ ២០១៤ បន្ទាប់ពីអ្នកចាំទីរូបនេះបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យជាមួយក្រុមជម្រើសជាតិ Costa Rican នៅក្នុងប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup ២០១៤ នៅប្រទេសប្រេស៊ីល ៕
ដោយ៖តារា