
Neymar Jr តារាឆ្នើមរបស់ក្លឹប Paris Saint-Germain និងក្រុមជម្រើសជាតិប្រេស៊ីលបានសរសើរដល់លោក Unai Emery ហើយជឿជាក់ថាគ្រូបង្វឹករូបនេះនឹងនាំមកនូវភាពជោគជ័យដល់ក្លឹបកាំភ្លើងធំ Arsenal ។
លោក Unai Emery បានក្លាយជាអ្នកចាត់ការក្លឹបយក្សនៅក្របខ័ណ្ឌ Premier League នេះកាលពីររដូវក្ដៅ ហើយ Arsenal បានចាប់ផ្តើមរដូវកាលនេះយ៉ាងល្អដោយកំពុងឈរនៅលំដាប់ទី ៥ នៃតារាងក្របខ័ណ្ឌលីគកំពូលអង់គ្លេស ។ Neymar ដែលបានលេងនៅក្រោមការដឹកនាំរបស់លោក Emery នៅក្របខ័ណ្ឌ Ligue1 កាលពីរដូវកាលមុននោះបានគាំទ្រគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះឲ្យទទួលបានជោគជ័យនៅក្នុងប្រទេសអង់គ្លេស ។
Neymar បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ “ឥឡូវនេះវាមានភាពងាយស្រួលក្នុងការនិយាយព្រោះក្រុម Arsenal កំពុងបង្ហាញទម្រង់លេងដ៏អស្ចារ្យ ពួកគេមានការប្រកួតដ៏ល្អបំផុតនៅក្នុងការប្រកួតនាពេលថ្មីៗនេះ ហើយគ្រប់គ្នាដឹងថារូបគេជាគ្រូបង្វឹកដ៏អស្ចារ្យ “។
ខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោករូបនេះបានបន្តថា៖ ” យើងដឹងពីគុណភាពរបស់ពួកគេ ហើយខ្ញុំពិតជារីករាយណាស់ក្នុងការធ្វើការជាមួយគាត់ ( លោក Unai Emery ) ព្រោះគាត់ជាបុរសដែលធ្វើការយ៉ាងលំបាក គាត់ពិតជាចង់ធ្វើជាគ្រូបង្វឹក និងចង់សិក្សាអំពីកីឡាបាល់ទាត់ ។ ខ្ញុំគិតថាគាត់នឹងនាំមកនូវអ្វីដែលល្អសម្រាប់ Arsenal ដែលជាក្លឹបដ៏ធំ និងអស្ចារ្យបំផុតនៅក្នុងប្រទេសអង់គ្លេស ។ ខ្ញុំសូមជូនពរឱ្យគាត់មានសំណាង” ។
គួរបញ្ជាក់ផងដែរថា Neymar បានផ្ទេរពីក្លឹប FC Barcelona កាលពីរដូវក្ដៅឆ្នាំ ២០១៧ ជាមួយតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោកចំនួន ២២២ លានអឺរ៉ូ ទៅកាន់ក្លឹបអ្នកមាន Paris Saint-Germain ដោយបានជួយឲ្យក្លឹបនេះប្រមូលយកពានទាំងអស់នៅក្នុងប្រទេសបារាំង ដែលកាលនោះស្ថិតក្រោមការដឹកនាំរបស់លោក Unai Emery ៕
ដោយ៖តារា