Cesc Fabregas ទទូចមិនឲ្យ Chelsea មើលស្រាលលើ Andres Iniesta ក្នុងការប្រកួតក្របខណ្ឌ Champions League នៅយប់ថ្ងៃអង្គានេះឡើយ។
កីឡាករជើងចាស់សញ្ជាតិអេស្ប៉ាញ Iniesta ជិតដល់ពេលបញ្ចប់អាជីពរបស់គាត់នៅ Barcelona ហើយ ដោយគេសង្ស័យថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះអាចនឹងទៅលេងនៅចិន។
ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែល Philippe Coutinho នឹងមិនអាចចូលលេងឲ្យ Barcelona សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៅ Champions League ជាមួយ Chelsea នៅថ្ងៃអង្គារនេះបាននោះ Iniesta ត្រូវបានគេរំពឹងថាអាចនឹងត្រូវចូលលេងជាខ្សែបម្រើក្នុងជម្រើសកីឡាករ ១១ នាក់ដំបូង។
ប៉ុន្តែ ទោះបីជា Iniesta បានបន្សល់ទុកស្នាដៃដ៏អស្ចារ្យរបស់គាត់កាលពីមុនក៏ដោយ ក៏ខ្សែបម្រើកណ្តាល Fabregas ដឹងថា កីឡាករនាំលេង និងជាមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញរបស់គាត់រូបនេះនៅតែមានភាពរឹងមាំដូចពីមុនដែរ។
Fabregas បាននិយាយថា៖ «គាត់នៅតែលេងបានល្អ។ សម្រាប់កីឡាករប្រភេទនេះ អាយុមិនមែនជាបញ្ហានោះទេ»។
«នៅពេលដែលអ្នកមានទេពកោសល្យដ៏អស្ចារ្យ ហើយនៅពេលដែលអ្នកលេងក្នុងកម្រិតមួយដូចនឹងកីឡាករឆ្នើមៗជាច្រើនផ្សេងទៀតដែរនោះ អ្នកអាចលេងរហូតដល់អាយុ ៣០ ឆ្នាំជាងក៏បាន»។
«កាយសម្បទាវាមានសារៈសំខាន់ណាស់ ព្រោះការប្រកួតសព្វថ្ងៃនេះពឹងផ្អែកច្រើនទៅលើវា។ ប៉ុន្តែ នៅពេលដែលអ្នកមានទេពកោសល្យ និងភាពឆ្លាតវៃ ពេលខ្លះវាអាចជំនួសកាយសម្បទារឹងមាំបាន»។
ដោយ៖ តារា