
អតីតអ្នកចាំទីប្រេស៊ីល Dida ជឿជាក់ថា Alisson Becker អាចក្លាយជាអ្នកចាំទីដ៏ល្អបំផុតម្នាក់នៅក្នុងពិភពលោក នាប៉ុន្មានឆ្នាំខាងមុខនេះ ។
អ្នកចាំទីវ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញពីភាពល្បីល្បាញរបស់ខ្លួនចាប់តាំងពីផ្ទេរទៅកាន់ក្លឹប AS Roma កាលពីឆ្នាំ ២០១៦ មុនពេលផ្ទេរមកកាន់ក្លឹបហងក្រហម Liverpool កាលពីរដូវក្ដៅនេះ ។
ក្លឹបហង្សក្រហម Liverpool បានចំណាយប្រាក់ចំនួន ៧២,៥ លានផោនដែលជាការផ្ទេរអ្នកចាំទីមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោកលំដាប់ទី ២ ហើយ Alisson បានបង្ហាញថ្វីដៃយ៉ាងអស្ចារ្យនៅក្នុងទឹកដី Anfield ដោយរក្សាមិនឲ្យគេស៊ុតចូលបានចំនួន ៧ ប្រកួតក្នុងការបង្ហាញខ្លួនបានចំនួន ១២ លើកនៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ។
អតីតអ្នកចាំទីប្រេស៊ីល Dida បានប្រាប់ Omnisport ថា៖ ” ខ្ញុំចូលចិត្ត Alisson ខ្លាំងណាស់ ខ្ញុំគិតថាគាត់គឺជាអ្នកចាំទីដ៏អស្ចារ្យ ។ ខ្ញុំមានឱកាសធ្វើការជាមួយគាត់នៅ Internacional ខ្ញុំមើលឃើញពីការរីកចម្រើនដ៏អស្ចារ្យរបស់គាត់នៅក្នុងកីឡាបាល់ទាត់ទ្វីបអឺរ៉ុបដែលកំពុងលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល ។ ខ្ញុំសង្ឃឹមថាគាត់អាចក្លាយជាអ្វីដែលមនុស្សគ្រប់គ្នារំពឹងទុកពីគាត់ដោយឈ្នះអ្វីៗជាច្រើននៅទីនេះ នៅអឺរ៉ុប និងបង្កើតខ្លួនឯងជាអ្នកចាំទីដ៏ល្អបំផុតម្នាក់នៅក្នុងពិភពលោក” ។
ខណះ Manuel Neuer នៅតែបង្ហាញថ្វីដៃដ៏ល្អជូនគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់លោក Joachim Low ទោះបីតំណែងរបស់គេកំពុងត្រូវតែគំរាមកំហែមដោយអ្នកចាំទីដៃទីមួយរបស់ក្លឹប FC Barcelona អ្នកចាំទី Marc-Andre ter Stegen យ៉ាងណាក៏ដោយ ។
លោក Dida បាននិយាយអំពីអ្នកទាំងពីរថា៖ ” អ្នកចាំទីដ៏អស្ចារ្យទាំងពីរ ។ ពួកគេបានបង្ហាញពីបច្ចេកទេសនិងសមត្ថភាពដ៏អស្ចារ្យដែលមានន័យថាប្រទេសអាឡឺម៉ង់រក្សាបាននូវកម្រិតខ្ពស់នៅក្នុងការប្រកួតទាំងអស់ “៕
ដោយ៖តារា