
យោងតាមព័ត៌មានចុងក្រោយរបស់ Corriere dello Sport បានឱ្យដឹងថាក្លឹប Juventus នៅតែសង្ឃឹមថានឹងអាចនាំយកអតីតកីឡាកររបស់ខ្លួនខ្សែបម្រើ Paul Pogba ត្រឡប់ទៅវិញ បន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះបានប្រាប់អតីតមិត្តរួមក្រុម Juventus របស់គាត់ថាខ្លួនចង់ត្រឡប់ទៅកាន់ទីក្រុង Turin វិញ ។
កីឡាករវ័យ ២៥ ឆ្នាំសញ្ជាតិបារាំងរូបនេះបានក៏សាងភាពល្បីល្បាញរបស់ខ្លួននៅក្របខ័ណ្ឌ Serie A ចាប់តាំងពីឆ្នាំ ២០១២ បន្ទាប់ពីផ្ទេរពីក្លឹបបីសាចក្រហម Manchester United ប៉ុន្តែត្រូវបានក្លឹបយក្សរបស់អង់គ្លេសមួយនេះទិញត្រឡប់យកទៅវិញជាមួយតម្លៃបំបែកឯតទគ្គកម្មពិភពលោកចំនួន ៨៩ លានផោនកាលពីរដូវក្ដៅឆ្នាំ ២០១៦ ។
Juventus ចង់បញ្ចប់កិច្ចព្រមព្រៀងផ្ទេរនៅក្នុងខែមករានេះ ប៉ុន្តែពួកគេប្រហែលជាត្រូវរង់ចាំរហូតដល់រដូវក្តៅខាងមុខ ដោយពួកគេកំពុងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើកណ្តាលសញ្ជាតិបារាំងរូបនេះនៅលើកិច្ចសន្យាជាអចិន្ត្រៃយ៍ ។ ខណះក្លឹបបីសាចក្រហម Manchester United ក៏អាចពិចារណាផងដែរប្រសិនបើម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A លក់ខ្សែការពារស្លាបឆ្វេង Alex Sandro ត្រឡប់មកវិញ ស្របពេលដែលខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះមិនទាន់បានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លិប Juventus នៅឡើយនោះទេ ៕
ដោយ៖តារា