
ប្រភពពត៌មានរបស់អេស្ប៉ាញបានរាយការណ៍ថាក្លឹប FC Barcelona បានកំណត់តម្លៃខ្លួនកីឡាករ Ousmane Dembele រួចរាល់ហើយជាមួយតម្លៃផ្ទេរចំនួន ១០០ លានអឺរ៉ូ ។
គេនៅតែជឿជាក់ថាក្រុម Barcelona នៅតែមិនសប្បាយចិត្តជាមួយនឹងអាកប្បកិរិយានិងឥរិយាបថរបស់ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះ ។ ដោយកីឡាករសញ្ជាតិបារាំងរូបនេះមិនសូវគោរពវិន័យ និងមកធ្វើការហ្វឹកហាត់មិនដែលទាន់ពេលវេលា ខណះលោក Valverde ទំនងជាចង់លក់កីឡាកររូបនេះចេញពីក្រុមមុនការប្រកួតដណ្ដើមពានរង្វាន់ក្របខ័ណ្ឌ La Liga បញ្ចប់រដូវកាល ។ ក្រុមអ្នកមានបុណ្យនឹងមិនបន្តអត់ធ្មត់ទៅលើទម្រង់លេងរបស់ Dembele ទៀតនោះទេ ប្រសិនបើខ្សែប្រយុទ្ធវ័យក្មេងរូបនេះមិនអាចបង្ហាញសមត្ថភាពក្នុងនាមជាកីឡាករលំដាប់កំពូលបាននោះទេ ហើយបានត្រៀមខ្លួនរួចរាល់ក្នុងការលក់កីឡាកររូបនេះចេញនារដូវក្តៅនេះ ។ ខណះក្លឹបកំពូលៗដូចជា Chelsea , Liverpool , Arsenal និង Paris Saint-Germain សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធធ្លាប់លើកពាន FIFA World Cup រូបនេះ ។
ម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញបានចំណាយលុយ ៩៦,៨ លានផោនលើការចុះហត្ថលេខាលើ Ousmane Dembele ពីក្លឹបយក្សអាល្លឺម៉ង Borussia Dortmund ហើយឥឡូវនេះពួកគេបានកំណត់នូវតម្លៃខ្លួនរបស់កីឡាករូបនេះរួចរាល់ហើយជាមួយតម្លៃ ១០០ លានអឺរ៉ូ ប៉ុន្តែតម្លៃនេះនៅតែអាចកើនឡើងរហូតដល់ ១៣៥,៥ លានអឺរ៉ូ ប្រសិនបើបូកជាមួយប្រាក់រង្វាន់ផ្សេងៗបន្ថែមទៀត ៕
ដោយ៖តារា