
ក្លឹប Juventus កំពុងរៀបចំសំណើរដេញថ្លៃទៅកាន់ក្លឹបបីសាចក្រហម Manchester United ដើម្បីនាំយកកីឡាករវ័យក្មេង Marcus Rashford នាទីផ្សាដោះដូរកីឡាករបើកនៅខែមករានេះ ។
ខ្សែប្រយុទ្ធឆ្នើមវ័យ ២១ ឆ្នាំ Marcus Rashford មិនសូវអាចបានបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់ខ្លួនប៉ុន្មានទេចាប់តាំងពីលោក Jose Mourinho បានចាប់ផ្តើមរជ្ជកាលរបស់គាត់នៅទឹកដី Old Trafford កាលពីខែ ឧសភា ឆ្នាំ ២០១៦ ។
ក្រុមម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី Juventus ក៏ជាអ្នកគាំទ្ររបស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះផងដែរ ហើយបានដាក់ឈ្មោះខ្សែប្រយុទ្ធវ័យក្មេងរូបនេះនៅក្នុងបញ្ជីផ្ទេរនាពេលអនាគត ។ កីឡាករវ័យក្មេងរបស់អង់គ្លេសរូបនេះគឺស្ថិតក្រោមកិច្ចសន្យាជាមួយក្លឹបបីសាចក្រហមរហូតដល់ឆ្នាំ ២០២០ ដែលស្ថិតក្នុងលក្ខខ័ណ្ឌអាចពង្រីកកិច្ចសន្យាបន្ថែមបានមួយឆ្នាំទៀត ។
ក្លឹបសេះបង្កង់ Juventus ត្រូវបានគេនិយាយថាមានការចាប់អារម្មណ៍ទៅលើទេពកោសល្យដ៏អស្ចារ្យរបស់ Rashford យ៉ាងខ្លាំង ហើយបច្ចុប្បន្នពួកគេកំពុងត្រៀមខ្លួនដើម្បីដេញថ្លៃជាមួយនឹងទឹកប្រាក់យ៉ាងច្រើន បើទោះបីជាក្រុមបិសាចក្រហមទំនងជាបដិសេធការដេញថ្លៃណាមួយសម្រាប់កីឡាករវ័យក្មេងដែលពោពេញទៅដោយទេពកោសល្យ និង សមត្ថភាពដ៏អស្ចារ្យ ដែលត្រូវបានគេចងជើងជាប់ជាមួយកុងត្រារយះពេលពីរឆ្នាំ ៕
ដោយ៖តារា