
យោងតាមការសែត Don Balon បានឲ្យដឹងថាប្រធានក្លឹប Real Madrid លោក Florentino Perez នៅតែមានចំណាប់អារម្មណ៍ក្នុងការទាក់ទាញកីឡាករ Eden Hazard របស់ក្លឹប Chelsea ឱ្យផ្ទេរមកលេងនៅរដ្ឋធានីម៉ាឌ្រីដ ប៉ុន្តែមិនមែនសម្រាប់តម្លៃខ្លួនជាង ១១៥ លានដុលារនោះទេ ។
Eden Hazard បានបញ្ជាក់យ៉ាងច្បាស់ពីបំណងរបស់ខ្លួនក្នុងការលេងឱ្យក្លឹបកំពូលមួយក្នុងក្របខ័ណ្ឌ La Liga នៅថ្ងៃណាមួយ ខណះ Real Madrid ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការនាំយកកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះចាប់តាំងពីការចាកចេញរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលកីឡាករ Cristiano Ronaldo ។
របាយការណ៍នេះបានបញ្ជាក់ថាតម្លៃខ្លួនរបស់ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះត្រូវបានចុះថយគ្រប់ពេលវេលាដោយសារកិច្ចសន្យារបស់គាត់ខិតទៅជិតបញ្ចប់នៅ Chelsea ដែលកុងត្រាបច្ចុប្បន្នកីឡាកររូបនេះនឹងត្រូវផុតកំណត់នៅក្នុងឆ្នាំ ២០២០ ។ លោក Florentino Perez ទំនងជាមានអារម្មណ៍ថាក្រុមរបស់លោកគួរតែអាចទទួលបានការផ្ទេរខ្សែបម្រើស្លាបរូបនេះក្នុងតម្លៃមិនលើសពី ៨៩ លានផោននោះទេ ។
Eden Hazard បានផ្ទេរពីក្លឹប Lille មកកាន់ក្លឹបតោខៀវ Chelsea កាលពីឆ្នាំ ២០១២ ដែលជាទីកន្លែងសមាជិកក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះទទួលបានជោគជ័យយ៉ាងខ្លាំងដោយធ្លាប់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ២ ដង , FA Cup មួយដង , Football League Cup ចំនួន ១ លើក និង UEFA Europa League ចំនួនមួយដង ជាមួយនឹងការស៊ុតបញ្ចូលទីបានចំនួន ៧៦ គ្រាប់ក្នុងការប្រកួត ២១៩ ប្រកួតឲ្យក្លឹបតោខៀវ Chelsea ៕
ដោយ៖តារា