
លោក Marco Fassone បាននិយាយថាលោក Li Yonghong ម្ចាស់ក្លឹប AC Milan មានបំណងចង់នាំយកប្រធានក្រុមព័រទុយហ្កាល់ទៅកាន់កីឡដ្ឋាន San Siro កាលពីឆ្នាំ ២០១៧ ហើយថែមទាំងធ្លាប់បានចរចាជាមួយភ្នាក់ងាររបស់ Cristiano Ronaldo លោក Jorge Mendes ថែមទៀតផង ។
លោក Marco Fassone
ទោះបីជាយ៉ាងណាក៏ដោយលោក Li Yonghong ត្រូវបានបង្ខំឱ្យបោះបង់ចោលក្ដីសុបិន្តរបស់គាត់ ខណៈដែលកីឡាករវ័យ ៣៣ ឆ្នាំរូបនេះមានតម្លៃខ្លួនថ្លៃពេក ។ Cristiano Ronaldo បានចូលរួមជាមួយក្លឹបសេះបង្កង់ Juventus ដែលជាគូប្រជែងដ៏ធំបំផុតរបស់ AC Milan មួយឆ្នាំក្រោយក្នុងតម្លៃ ១០០ លានអឺរ៉ូ ។
លោក Marco Fassone អតីតនាយកគ្រប់គ្រងរបស់ក្លឹប AC Milan បានប្រាប់សារព័ត៌មានអ៊ីតាលីថា៖ ” លោក Li ចង់បាន CR7 មកកាន់ក្រុម AC Milan ព្រោះគាត់ជឿជាក់ថា Ronaldo មានឥទ្ធិពលខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ។ កំពូលកីឡាកររូបនេះចង់ចាកចេញពីទីក្រុងម៉ាឌ្រីដ ហើយយើងបានជួបគ្នានៅខែកក្កដាឆ្នាំ ២០១៧ ជាមួយភ្នាក់ងាររបស់គាត់លោក Mendes ដើម្បីពិនិត្យមើលការចំណាយនិងលក្ខខ័ណ្ឌផ្ទាល់ខ្លួនរបស់គាត់ “។
លោក Li Yonghong
លោក Marco Fassone បន្តថា៖ ” នៅពេលនោះខ្ញុំបានបញ្ចុះបញ្ចូលគាត់ ( លោក Li Yonghong ) ឱ្យលះបង់ក្តីសុបិន្តរបស់គាត់ដោយនិយាយថា Ronaldo មានតម្លៃខ្លួនថ្លៃពេកហើយ ” ។
មួយឆ្នាំបន្ទាប់មកម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលសញ្ជាតិព័រទុយហ្គាល់រូបនេះបានផ្ទេរទៅចូលរួមជាមួយក្លឹប Juventus ក្នុងក្របខ័ណ្ឌ Serie A ដែលជាសត្រូវនៅលើវាលស្មៅដ៏ធំផុតរបស់ក្លឹប AC Milan ក្នុងតម្លៃខ្លួន ១០០ លានអឺរ៉ូ ៕
ដោយ៖តារា