
ចាប់តាំងពីលោក Maurizio Sarri ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លឹប Chelsea នៅរដូវក្ដៅនេះ បានធ្វើឲ្យកីឡាករឆ្នើមៗមួយចំនួនមិនសូវសប្បាយចិត្តបន្ទាប់ពីមិនសូវបានបង្ហាញខ្លួនក្នុងការប្រកួត ។ ហើយកីឡាករឆ្នើមៗចំនួន ៥ នាក់ត្រូវបានគេព្យាករណ៍ថាអាចនឹងត្រូវបានក្លឹបតោខៀវ Chelsea លក់ចេញនៅពេលទីផ្សាដោះដូរកីឡាករបើកនាខែមករាដើមឆ្នាំ ២០១៩ នេះ ។
៥/ កីឡាករ Victor Moses
Victor Moses ស្ទើរតែត្រូវបានគេលក់ចេញបាត់ទៅហើយក្រោយពីការមកដល់របស់អ្នកចាត់ការលោក Maurizio Sarri ។ ខ្សែប្រយុទ្ធរូបនេះលេងបានត្រឹមតែពីរប្រកួតប៉ុណ្ណោះនៅក្របខ័ណ្ឌ Premier League នារដូវកាលនេះក្រោមការដឹកនាំរបស់លោក Sarri ។ ហើយគេជឿជាក់ថា Chelsea នឹងលក់រូបគេចេញនៅខែ មករា ខាងមុខនេះ ។
៤/ កីឡាករ Danny Drinkwater
Danny Drinkwater ត្រូវបានក្លឹបតោខៀវ Chelsea ចុះហត្ថលេខារួមជាមួយ Kante ក្រោយពីពួកគេបានជួយឲ្យក្លឹប Leicester City លើកពានក្របខ័ណ្ឌ Premier League កាលពីរដូវកាល ២០១៥/១៦ ប៉ុន្តែរូបគេមិនត្រូវបានគេចាត់ទុកជាកីឡាករសំខាន់ក្នុងក្រុមដូចជាខ្សែបម្រើ Kante នោះទេដោយ Chelsea បានប្រាប់ថារូបគេថាពួកគេមានខ្សែបម្រើកណ្តាលច្រើនពេក ដូច្នេះខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះត្រូវបានគេអនុញ្ញាតឲ្យចាកចេញនាទីផ្សាដោះដូរនេះ ។
៣/ កីឡាករ Olivier Giroud
Olivier Giroud បានផ្ទេរពីក្លឹបកាំភ្លើងធំ Arsenal មកកាន់ Chelsea កាលពីដើមឆ្នាំ ២០១៨ ។ ទោះជាកីឡាកររូបនេះបានជួយឲ្យក្រុមមាន់គក់បារាំងឈ្នះពានរង្វាន់ World Cup 2018 នាពេលថ្មីៗនេះយ៉ាងណាក៏ដោយក៏ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះពិតជាបង្ហាញទម្រង់លេងមិនបានល្អទាល់តែសោះដោយមិនទាន់អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីឲ្យ Chelsea បាននៅឡើយទេនៅរដូវកាលនេះក្នុងការឆ្លងកាត់ការប្រកួតចំនួន ៩ លើកកន្លងមក ។
២/ កីឡាករ Willian
អ្នកគាំទ្រ Chelsea ខ្លះមានការសោកស្ដាយខ្លាំងណាស់នៅពេលដែលក្រុមតោខៀវបានបដិសេធមិនព្រមលក់គាត់ឱ្យ Barcelona នៅពេលដែលក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបានបង្ហាញចំណាប់អារម្មណ៍ទៅលើតារាឆ្នើមរបស់ប្រេស៊ីលរូបនេះ ។ Chelsea នៅតែអាចលក់ Willian បានក្នុងតម្លៃដ៏ខ្ពស់មួយ ដែលក្រុមតោខៀវអាចប្រើលុយក្នុងការលក់កីឡាករវ័យ ៣០ ឆ្នាំរូបនេះដើម្បីចុះហត្ថលេខាលើកីឡាករដែលល្អជាងនេះ ។
១/ កីឡាករ Alvaro Morata
ក្លឹបតោខៀវ Chelsea បានចំណាយលុយ ៥៨ លានផោនដើម្បីទិញ Alvaro Morata ពីក្លឹបអធិរាជស Real Madrid កាលពីឆ្នាំ ២០១៧ ហើយក្លឹបយក្សអង់គ្លេសមួយនេះសង្ឃឹមថាខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះអាចរកគ្រាប់បាល់បញ្ចូលទីឱ្យពួកគេបានច្រើន ។ ប៉ុន្តែកីឡាករវ័យ ២៦ ឆ្នាំរូបនេះដូចជាមិនសូវបង្ហាញទម្រង់លេងឲ្យលិចធ្លោណាមួយដូចកាលរូបគេលេងនៅ Juventus និង Real Madrid នោះឡើយ ដោយសារបញ្ហារបួសជាច្រើនលើកជាច្រើនសារ និងស៊ុតបញ្ចូលទីបានត្រឹមតែ ១៦ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ៤២ ប្រកួត ចាប់តាំងពីផ្ទេរមកកាន់កីឡាករដ្ឋាន Stamford Bridge ៕
ដោយ៖តារា