
Marco Asensio កំពុងសម្លឹងឃើញអនាគតរបស់ខ្លួននៅឯក្លិប Real Madrid ដោយមានបំណងចង់ដើរតាមគន្លងរបស់រាមច្បងកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ។ ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់នៅកីឡាដ្ឋាន Santiago Bernabeu ក្នុងរយះប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកំពុងអភិវឌ្ឍឲ្យក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃបំផុតនៅក្នុងក្រុម ។
ចាប់តាំងពីការចាកចេញរបស់កីឡាករ Cristiano Ronaldo ទៅកាន់ Juventus ក្លឹប Real Madrid កំពុងស្វះស្វែងរកកីឡាករថ្មីដើម្បីទៅជំនួសតំណែងរបស់មា្ចស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះ ហើយ Asensio ត្រូវបានគេជឿជាក់ថាជាអ្នកដ៏សាកសមបំផុតដើម្បីទៅជំនួស CR7 ។
Marco Asensio បានប្រាប់ Marca ថា៖ ” ហេតុអ្វីបានជាមិនប្រាកដ ។ នៅចុងបញ្ចប់នៃថ្ងៃនោះពិតណាស់ខ្ញុំចង់បន្តទទួលបានជោគជ័យនៅទីក្រុងម៉ាឌ្រីត ខ្ញុំចង់ក្លាយជាមនុស្សសំខាន់នៅទីនេះ ខ្ញុំមិនដែលលាក់បាំងពីរឿងនេះនោះទេ ។ ខ្ញុំជាកីឡាករម៉ាឌ្រីដតាំងពីខ្ញុំនៅក្មេងមកម៉្លេះ ខ្ញុំតែងតែចង់លេងឱ្យក្លឹប Real Madrid ហើយឥឡូវនេះខ្ញុំមានឱកាសសំខាន់ណាស់នៅទីនេះ ខ្ញុំចង់យកវា ” ។
ខ្សែប្រយុទ្ធរបស់ក្រុមគោជល់អេស្ប៉ាញរូបនេះបានបន្ថែមថា៖ ” ខ្ញុំនឹងមិននិយាយភូតកុហកទេ លេខដែលសំណព្វរបស់ខ្ញុំគឺលេខ ១០ ហើយខ្ញុំជឿជាក់ថាថ្ងៃណាមួយខ្ញុំនឹងអាចពាក់វាបាន ។ ឥឡូវនេះវាស្ថិតនៅក្នុងដៃរបស់ Luka Modric ហើយនៅមានពេលជាច្រើនឆ្នាំទៀតនៅ Real Madrid ប៉ុន្តែពិតណាស់ខ្ញុំចង់បានវានៅថ្ងៃអនាគត “៕
ដោយ៖តារា