មិត្តរួមក្រុមនៅ Juventus ម្នាក់និយាយថា ៖ Ronaldo តែងតែផ្តល់នូវអ្វីដែលល្អបំផុតសម្រាប់ក្រុម

65756
  • យោងតាមកីឡាករ Mattia De Sciglio បាននិយាយថាកីឡាករ Cristiano Ronaldo គឺជាកីឡាករគំរូដ៏ល្អបំផុត និងបានផ្តល់មេរៀនឲ្យខ្លួនជារៀងរាល់ថ្ងៃចាប់តាំងពីគាត់មកដល់ក្លឹប Juventus ។

    Related image

    តារាសញ្ជាតិព័រទុយហ្គាល់រូបនេះបានចូលរួមជាមួយក្រុមម្ចាស់ជើងឯក Serie A ពីក្លឹប Real Madrid កាលពីខែកក្កដាក្រោយពីបានចំណាយអស់រយៈពេលដ៏អស្ចារ្យជិត ១០ ឆ្នាំនៅក្នុងរដ្ឋធានីអេស្ប៉ាញជាទីកន្លែងដែលគាត់បានឈ្នះស្ទើរតែគ្រប់ពានកិត្តិយសទាំងថ្នាក់ជាតិ និងអន្តរជាតិ ។

    Related image

    កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានផ្លាស់ទៅរស់នៅក្នុងទីក្រុង Turin ក្រោមការដឹកនាំរបស់លោក Massimiliano Allegri ខណៈដែលក្លឹបបានត្រៀមខ្លួនរួចរាល់ហើយដើម្បីលើកពានក្របខ័ណ្ឌ Serie A លើកទី ៨ ជាប់ៗគ្នា ខណៈដែលពួកគេបច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង ។ ខ្សែការពារ De Sciglio បានសម្តែងការកោតសរសើរយ៉ាងខ្លាំងដល់ Ronaldo ក្នុងរយៈពេល ៤ ខែដែលគាត់មកដល់ក្លឹបសេះបង្កង់ Juventus ដោយបន្ថែមថាគាត់ប្តេជ្ញាយ៉ាងពេញលេញក្នុងការផ្តល់នូវទម្រង់លេងដ៏ល្អបំផុតសម្រាប់ក្រុម ។

    កីឡាករវ័យ ២៦ ឆ្នាំសញ្ជាតិអ៊ីតាលីរូបនេះបានប្រាប់ទូរទស្សន៍ Sky Sport ថា៖ ” ខ្ញុំបានឃើញគាត់ ( Ronaldo ) ហ្វឹកហាត់ក្នុងនាមជាអ្នកជំនាញជារៀងរាល់ថ្ងៃ ។ គាត់តែងតែធ្វើឲ្យអស់ពីសមត្ថភាពរបស់គាត់ ” ។

    Related image

    ខ្សែការពារ De Sciglio ដែលត្រូវបានតាមលោក Allegri នាំយកពីក្រុម AC Milan ក្រោយពីបានចុះកិច្ចសន្យាជាមួយសេះបង្កង់នៅដើមរដូវ ២០១៧-១៨ នោះក៏បានកោតសរសើរដល់អ្នកចាត់ការរូបនេះផងដែរ ។ ដោយខ្សែការពាររូបនេះបានបន្ថែមថា៖ ” គ្រូបង្វឹកបានផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តជាច្រើន ។ នៅពេលដែលអ្នកចូលទីលានវាជាការសំខាន់ដែលត្រូវដឹងថាគ្រូបង្វឹកនិងមិត្តរួមក្រុមរបស់អ្នកពេញចិត្តចំពោះអ្វីដែលអ្នកធ្វើ ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំជាកីឡាករសំខាន់ ព្រោះយើងទាំងអស់គ្នានៅក្នុងបន្ទប់សំលៀកបំពាក់នេះ ។ យើងមានការប្រកួតជាច្រើន ហើយយើងត្រូវការជំនួយនិងការគាំទ្រពីអ្នកគ្រប់គ្នា ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចផ្តល់អ្វីគ្រប់យ៉ាងរបស់ខ្ញុំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី