
លោក Jose Mourinho គ្រូបង្វឹករបស់ក្លឹប Manchester United មិនគិតថា Alexis Sanchez នឹងស្វែងរកការចាកចេញពីក្លឹបនៅខែមករានេះនោះទេ ហើយលោកក៏បានគាំទ្រកីឡាកររូបនេះឲ្យធ្វើការផ្លាស់ប្តូរទម្រង់លេងរបស់គេផងដែរ ។
កីឡាកររបស់ក្រុមជម្រើសជាតិឈីលីរូបនេះត្រូវបានគេព្យាករណ៍ទុកថាអាចជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតសម្រាប់ក្រុមបិសាចក្រហម Manchester United បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងដ៏អស្ចារ្យជាមួយក្លឹបកាំភ្លើងធំ Arsenal មុនការផ្ទេរកាលពីខែមករាកន្លងទៅនេះ ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានចាប់ផ្តើមក្នុងនាមជាកីឡាករជម្រើសដំបូងបានត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលថ្មី ២០១៨/១៩ នេះដោយស៊ុតបញ្ចូលទីបានចំនួនតែ ១ គ្រាប់ប៉ុណ្ណោះក្នុងជំនួបទល់នឹង Newcastle កាលពីខែ តុលា ហើយលេងមិនបានដល់ ៩០ នាទីសូម្បីតែមួយប្រកួតចាប់តាំងពីបើករដូវកាលមក ។
មានពាក្យចរចាអារ៉ាមជាច្រើនបានលើកឡើងថា អតីតខ្សែប្រយុទ្ធរបស់ក្លឹប FC Barcelona រូបនេះកំពុងតែមិនសប្បាយចិត្តជាមួយជីវិតនៅ Old Trafford ក្រោមការដឹកនាំរបស់លោក Jose Mourinho និងមិនសូវមានទំនាក់ទំនងជាមួយមិត្តភក្តិនៅក្នុងក្លឹបប៉ុន្មាននោះទេ ដែលនេះអាចបណ្ដាលឲ្យរូបគេធ្វើការចាកចេញនៅពេលទីផ្សាដោះដូរកីឡាករបើកក្នុងខែមករានេះ ។
លោក Mourinho បាននិយាយយ៉ាងខ្លីថាលោកមិនបានឮអ្វីទាំងអស់អំពីការមិនសប្បាយចិត្តរបស់ Alexis Sanchez នៅក្នុងក្លឹបនោះឡើយ ។ គ្រូបង្វឹកសញ្ជាតិព័ទុយហ្គាល់រូបនេះជឿជាក់ថាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal រូបនេះនឹងមានភាពប្រសើរឡើងក្នុងទម្រង់លេងរបស់គេ ហើយគាត់ជឿជាក់ថាខ្សែប្រយុទ្ធរូបនេះកំពុងស្ថិតលើផ្លូវត្រូវ ។
លោក Mourinho បានប្រាប់អ្នកយកព័ត៌មានថា៖ ” គាត់ ( Sanchez ) មិនដែលប្រាប់ខ្ញុំថាគាត់ចង់ចាកចេញទេ គាត់មិនដែលប្រាប់ខ្ញុំថាគាត់មិនសប្បាយចិត្តឡើយ ។ គាត់កំពុងលេងដូចក្រុម ។ គាត់កំពុងប្រសើរឡើង ដូចជាក្រុមកំពុងប្រសើរឡើងដែរ នៅពេលដែលគាត់លេងគាត់ត្រូវបានផ្តល់ឱ្យយើងនូវបុគ្គលិកលក្ខណៈរបស់គាត់ ។ បំណងប្រាថ្នារបស់គាត់គឺលេងនិងជួយក្រុម ហើយគាត់កំពុងព្យាយាមសម្របខ្លួនតាមរបៀបដែលយើងលេង ។ តើគាត់អាចធ្វើបានល្អជាងនេះទេ? យើងទាំងអស់គ្នាអាចធ្វើបានល្អ ខ្ញុំអាចធ្វើបានល្អ គាត់អាចធ្វើបានល្អ កីឡាករទាំងអស់អាចធ្វើបានល្អ “៕
ដោយ៖តារា