
ការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលនៅក្នុងប្រទេសនីមួយៗនៅតំបន់ទ្វីបអឺរ៉ុបកំពុងដំណើរការបានជាងពាក់កណ្ដាលជើងទីមួយហើយ ខណះក្រុមកំពូលខ្លះកំពុងដុនដាបយ៉ាងខ្លាំង រីឯចំណែកក្រុមខ្សោយខ្លះកំពុងបង្ហាញទម្រង់លេងដ៏អស្ចារ្យសឹងមុនគួរឲ្យជឿ ។ ដូច្នេះបានជាវិបសាយ MerlPlus សូមបង្ហាញលោកអ្នកនឹងក្លឹបចំនួន ៥ ដែលកំពុងបង្ហាញទម្រង់ដ៏ល្អបំផុតនៅរដូវកាល ២០១៨/២០១៩ នេះ ។
៥/ ក្លឹប Watford F.C.
Watford គឺក្លឹបខ្សោយមួយនៅក្នុងក្របខ័ណ្ឌ Premier League ដែលសុំត្រៀមតែលេងនៅពានរង្វាន់លំដាប់ទី ១ របស់អង់គ្លេសតែប៉ុណ្ណោះជារៀងរាល់រដូវកាល ។ ប៉ុន្តែរដូវកាលថ្មីនេះ Watford បានបង្ហាញទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយទាំងធ្លាប់បានលត់ក្រុមខ្លាំង Tottenham Hotspur ក្នុងលទ្ធផល ២-១ ផងដែរ ។ បច្ចុប្បន្ន Watford កំពុងឈរនៅលេខរៀងទី ៩ ដោយមាន ២០ ពិន្ទុចាញ់ក្រុម Manchester United តែ ១ ពិន្ទុប៉ុណ្ណោះនៅក្នុងសប្ដាហ៍ទី ១៣ នៃក្របខ័ណ្ឌ Premier League រដូវកាល ២០១៨/១៩ នេះ ។
៤/ ក្លឹប Deportivo Alaves
Deportivo Alaves បានបញ្ចប់ចំណាត់ថ្នាក់ត្រឹមតែលេខ ១៤ ប៉ុណ្ណោះកាលពីរដូវកាល ២០១៧/១៨ នៅក្នុងក្របខ័ណ្ឌ La Liga ។ ប៉ុន្តែរដូវកាលថ្មីនេះពួកគេបានបង្ហាញទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយកំពុងឈរនៅលេខរៀងទី ៤ ដែលជាតំបន់អាចឡើងទៅលេងនៅក្របខ័ណ្ឌ Champions League បាន ។ Deportivo Alaves ឆ្លងកាត់ ១៣ ប្រកួតទទួលបានជ័យជម្នះ ៧ លើក ស្មើរ ២ ដង និងចាញ់តែ ៤ ប្រកួតប៉ុណ្ណោះ ខណះពួលគេក៏ធ្លាប់បានផ្ដួលក្លឹប Real Madrid ក្នុងលទ្ធផល ១-០ ថែមទៀតផង ។ ប្រសិនបើពួកអាចរក្សាទម្រង់លេងបានល្អបន្តទៀត និងអាចរក្សាខ្លួននៅតំបន់កំពូលទាំង ៤ នេះបានពួកគេនឹងមានឱកាសលេងនៅ Champions League នារដូវកាលក្រោយជាលើកដំបូងរបស់ខ្លួន ខណះពួកគេចាញ់ក្រុមកំពុងឈរនៅកំពូលតារាង Laliga អ្នកមានបុណ្យ FC Barcelona តែ ២ ពិន្ទុប៉ុណ្ណោះ ។
៣/ ក្លឹប Chelsea F.C.
វាមិនចម្លែកអ្វីនោះទេសម្រាប់ក្រុមរហ័សនាមតោខៀវ Chelsea ដែលស្ថិតនៅតំបន់កំពូលទាំង ៤ នៅក្របខ័ណ្ឌ Premier League ។ ប៉ុន្តែកាលពីរដូវកាលមុនក្នុងនាមជាក្រុមការពារតំណែងជើងឯក ពួកគេបង្ហាញទម្រង់លេងយ៉ាងដុនដាប់ដោយមិនមានកៅអីលេងនៅក្របខ័ណ្ឌ Champions League នារដូវកាលនេះនោះទេក្រោមការដឹកនាំរបស់លោក Antonio Conte ។ ចាប់តាំងពីលោក Maurizio Sarri មកជំនួសតំណែងលោក Conte នារដូវកាលថ្មីនេះ ពួកមិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេក្នុង ១២ ប្រកួតកន្លង ប៉ុន្តែពួកគេបានភ្លាត់ចាញ់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កាលពីយប់មិញក្នុងលទ្ធផល ១-៣ នៅក្នុងសប្ដាហ៍ទី ១៣ នៃក្របខ័ណ្ឌ Premier League ។
២/ ក្លឹប Borussia Dortmund
Borussia Dortmund បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងបណ្ដោះអាសន្ននៃលីគកំពូលរបស់អាល្លឺម៉ង់ ( Bundesliga ) នារដូវកាលថ្មី ២០១៨/២០១៩ នេះ នឹងបានទម្លាក់ក្រុមការពារតំណែងជើងឯក Bayern Munich ឲ្យធ្លាក់ទៅកាន់លេខរៀងទី ៥ ដោយលើសរហូតទៅដល់ ៩ ពិន្ទុ និងដាច់ក្រុមលេខ ២ រហូតដល់ ៧ ពិន្ទុឯណោះ ។ ហើយ Dortmund ក៏កំពុងបង្ហាញភាពខ្លាំងរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Champions League ផង ខណះពួកគេកំពុងឈរនៅលេខ ១ ប្រចាំពូល A ថែមទៀតផង ។
១/ ក្លឹប A.F.C. Bournemouth
Bournemouth គឺជាក្រុមត្រដាបត្រដួសមួយក្នុងការគេចចេញពីតំបន់គេកាត់ចោលនៅក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ។ ខណះបច្ចុប្បន្នពួកគេកំពុងបង្ហាញទម្រង់ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតដោយឆ្លងកាត់ការ ១២ ប្រកួតឈ្នះ ៦ ស្មើរ ២ និងចាញ់ ៤ ប្រកួត ខណះរាត្រីនេះពួកគនឹងត្រូវប៉ះជាមួយក្លឹបកាំភ្លើងធំ Arsenal ក្នុងជំនួបសប្ដាហ៍ទី ១៣ នេះ ។
ដោយ៖តារា