ខ្សែប្រយុទ្ធ Eden Hazard របស់ Chelsea បានបញ្ចប់នូវពាក្យចចាមអារ៉ាមដែលថាគាត់អាចនឹងត្រូវផ្ទេរទៅ Real Madrid, Manchester City ឬ Paris Saint-Germain ។
កីឡាកររបស់ប៊ែលហ្សិកម្ចាស់អាវលេខ ១០ រូបនេះបានយ៉ាងល្អនៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់សម្រាប់ក្រុមតោខៀវក្នុងការបង្ហាញខ្លួននៅក្របខណ្ឌ Premier League ចំនួន ២៣ លើក ហើយត្រូវបានគេសង្ស័យថា រូបគាត់អាចនឹងត្រូវផ្ទេរទៅ Real និង PSG ដែលជាគូប្រជែងនៅ Champions League របស់ពួកគេផងដែរ។
Hazard បាននិយាយនៅក្នុងកម្មវិធី Telefoot ថា៖ «នៅក្នុងវិស័យបាល់ទាត់ អ្វីៗអាចកើតឡើងបានទាំងអស់។ ប៉ុន្តែ វាក៏អាចគ្មានអ្វីកើតឡើងនៅក្នុងវិស័យបាល់ទាត់បានដែរ»។
«ជារៀងរាល់ឆ្នាំ ពួកគេតែងតែផ្សារភ្ជាប់រូបខ្ញុំជាមួយ Real ឬ PSG ។ ហើយនៅពេលដែលខ្ញុំចង់ប្តូរក្លឹប ខ្ញុំនឹងប្តូរ។ ប៉ុន្តែនៅពេលនេះ ខ្ញុំសប្បាយចិត្តនឹងលេងនៅទីនេះ»។
«ខ្ញុំនៅជាប់កុងត្រាពីរឆ្នាំទៀត។ ខ្ញុំមានអារម្មណ៍ល្អណាស់ក្នុងការលេងនៅទីនេះ។ អ្នកគាំទ្រស្រឡាញ់ខ្ញុំ គ្រួសារខ្ញុំរីករាយនឹងការរស់នៅទីនេះ។ ប៉ុន្តែ យើងនឹងចាំមើលបន្តទៀត»។
«វាបានកើតឡើងជាច្រើនឆ្នាំមកហើយ ដែលពួកគេនិយាយអំពីរឿងនេះ។ ហើយបើមិនភ្ជាប់ខ្ញុំជាមួយ Real ទេ គឺ Paris ហើយបើមិនមែន Paris ទេ គឺ Real ។ ប៉ុន្តែខ្ញុំសប្បាយចិត្តនឹងលេងនៅទីនេះ»។
Hazard ក៏ត្រូវបានគេសង្ស័យថាអាចនឹងផ្ទេរទៅ Manchester City ផងដែរ ហើយកាលពីពេលថ្មីៗនេះ កាសែត Daily Star បានបង្ហើបថា Hazard អាចនឹងត្រូវផ្ទេរទៅ City ជាថ្នូរនឹងខ្សែប្រយុទ្ធ Sergio Aguero ខណៈពេលដែលមានរបាយការណ៍ផ្សេងទៀតបាននិយាយថា ការដោះដូររូបគាត់ជាមួយ Gareth Bale របស់ Real មានលក្ខណៈប្រសើរជាង។
ដោយ៖ តារា