
កីឡាករ Sergej Milinkovic-Savic បានផ្លាស់មកកាន់ក្លឹប Lazio ពីក្លឹប Genk កាលពីឆ្នាំ ២០១៥ ។ ចាប់តាំងពីចូលលេងនៅក្របខ័ណ្ឌ Serie A ខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះបានក្លាយទៅជាកីឡាករដ៏សំខាន់ម្នាក់ និងជាកីឡាករដែលពោពេញទៅដោយទេពកោសល្យបំផុតសម្រាប់ក្លឹប Lazio ។
ប៉ុន្តែបើយោងតាមការសែត Corriere della Sera បានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹប AC Milan លោក Gennaro Gattuso មានបំណងចង់នាំយកខ្សែបម្រើសញ្ជាតិ ស៊ែប៊ី រូបនេះទៅកាន់ក្លឹប AC Milan នារដូវក្តៅនេះ ។
AC Milan បានដាក់សំណើរម្ដងរួចទៅហើយកាលពីមុនចំនួន ៣០ លានអឺរ៉ូសម្រាប់ការខ្ចីជើងមួយរដូវជាមួយជម្រើសទិញផ្ដាច់ចំនួន ៩០ លានអឺរ៉ូ ។ ទោះជាយ៉ាងណាប្រធានក្លឹប Lazio លោក Claudio Lotito បានសន្យារួចស្រេចទៅហើយជាមួយលោក Simone Inzaghi ក្នុងការរក្សាកីឡាករវ័យ ២៣ ឆ្នាំរូបនេះ ដូច្នេះការផ្ទេរនេះមិនទទួលបានផ្លែផ្កាអ្វីនោះឡើយ ។
ទោះជាយ៉ាងណាក៏ដោយក្លឹបយក្សរបស់អ៊ីតាលី AC Milan ត្រូវបានរំពឹងថានឹងត្រលប់មកកាន់តុចរចាវិញម្ដងទៀតនៅខែមករានេះ ដោយសារពួកគេទំនងជាចង់បន្ថែមខ្សែបម្រើទៅក្នុងក្រុមរបស់ពួកគេបន្ថែមទៀត ។
Sergej Milinkovic-Savic ក៏ត្រូវបានគេរាយការណ៍ថាជាកីឡាករដែលក្លឹបសេះបង្កង់ Juventus ចង់បានបំផុតកាលពីរដូវក្តៅមុន ។ តម្លៃខ្លួនរបស់ Milinkovic-Savic ត្រូវបានគេព្យាករណ៍ថាមិនក្រោមតម្លៃជាង ១៥០ លានអឺរ៉ូនោះទេ ។ ខណះក្លឹប Inter Milan ក៏ត្រូវបានគេចាត់ទុកថាជាអ្នកប្រកួតប្រជែងដ៏សំខាន់មួយផងដែរក្នុងការនាំយកខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះ បន្ទាប់ពីការមកដល់របស់អតីតនាយកប្រតិបត្តិរបស់ក្លឹប Juventus លោក Beppe Marotta ដែលត្រូវបានគេទទួលស្គាល់ថាជាមនុស្សដ៏មានឥទ្ធិពលម្នាក់ក្នុងការផ្លាស់ប្ដូរកីឡាករ ៕
ដោយ៖តារា