
កីឡាករ Xherdan Shaqiri បានព្រមានដល់ក្លឹប Manchester City ថា Liverpool នឹងបន្តភាពមិនដែលចាញ់របស់ខ្លួនរហូតដល់ចប់ការប្រកួតក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ។
ក្រុមហង្សក្រហម Liverpool នៅតែបន្តដាក់សម្ពាធក្រុមកំពុងឈរនៅកំពូលតារាងក្លឹប Manchester City ជាមួយនឹងការទទួលជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៣-០ ជាមួយជ័យជំម្នះទី ១០ ក្នុងការប្រកួតចំនួន ១៣ លើកមកទល់ពេលនេះ ។ ក្រុមរបស់លោក Jurgen Klopp ចាញ់ក្រុម Manchester City ត្រឹមតែ ២ ពិន្ទុតែប៉ុណ្ណោះ ខណះក្រុមការពារជើងឯករបស់លោក Pep Guardiola ក៏បានបន្តទទួលជ័យជម្នះក្នុងលទ្ធផល ៤-០ នៅលើទឹកដី West Ham ។ ខ្សែប្រយុទ្ធកំពស់ទាបកីឡាករ Xherdan Shaqiri ដែល Liverpool បានទិញពីក្លឹប Stoke City កាលពីរដូវក្តៅក្នុងតម្លៃខ្លួន ១៣,៧ លានផោន កំពុងតែសប្បាយចិត្តជាមួយនឹងទម្រង់លេងដ៏ល្អរបស់គេជាមួយហងក្រហម ។
ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះបាននិយាយថា៖ ” យើងនឹងនៅទីនោះរហូតដល់ទីបញ្ចប់ ។ យើងមិនចាំបាច់សម្លឹងមើលក្រុម Man City ទេយើងគ្រាន់តែសម្លឹងមើលខ្លួនឯងបានហើយ ហើយព្យាយាមផ្តល់នូវទម្រង់លេងដ៏ល្អរបស់យើងលើទីលាននិងឈ្នះការប្រកួតដែលនោះគឺជារឿងសំខាន់បំផុត ។ រាល់ការប្រកួតទាំងអស់មានប្រវត្តិរបស់ខ្លួនផ្ទាល់ ហើយយើងត្រូវមើលការប្រកួតដើម្បីលេងការប្រកួត ហើយមិនគួរមើលទៅកន្លែងណាដែលយើងត្រូវស្នាក់នៅនៅចុងបញ្ចប់នៃរដូវកាលនេះទេ ។ នៅពេលដែលអ្នកឈ្នះការប្រកួតបែបនេះយើងនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់សម្រាប់រឿងរ៉ាវជាច្រើន ដូច្នេះខ្ញុំគិតថាយើងត្រូវតែបន្តធ្វើការងារ និងឈ្នះការប្រកួត ” ។
Shaqiri បានបង្ហាញទម្រង់លេងដ៏ល្អក្រោមការដឹកនាំរបស់លោក Jurgen Klopp ដែលកីឡាករវ័យ ២៧ ឆ្នាំរូបនេះបានចាប់ផ្តើមជាជម្រើសដំបូងបានចំនួន ៦ ប្រកួតក្នុងរយៈការបង្ហាញខ្លួនចំនួន ៩ លើករបស់ពួកគេ រួមទាំងការលេងពីរលើកចុងក្រោយរបស់ Liverpool នៅក្នុងក្របខ័ណ្ឌ Premier League ។ Shaqiri ក៏បានជួយឲ្យក្រុមជម្រើសជាតិស្វ៊ីសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រកួតដណ្ដើមពានរង្វាន់ UEFA Nations League ផងដែរ ។
Shaqiri បាននិយាយទៀតថា៖ ” ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំធ្វើបានល្អហើយនោះជារឿងសំខាន់សម្រាប់ខ្ញុំ ។ ខ្ញុំគិតថាអ្នកអាចមើលឃើញថានៅលើទីលានផងដែរថាខ្ញុំកំពុងស្ថិតក្នុងស្ថានភាពល្អជាមួយនឹងក្រុម ។ ខ្ញុំគិតថាអ្នកបានឃើញផងដែរ ( ពេលប្រកួតទល់នឹង Watford ) ។ តង់ទីមួយ ខ្ញុំបានព្យាយាមផ្តល់ឱ្យពួកគេនូវការបញ្ចូនបាល់ដ៏ល្អ ។ ខ្ញុំមានអារម្មណ៍ល្អវាសំខាន់ណាស់ក្នុងការឈ្នះ ហើយវាគឺជាជ័យជម្នះដ៏ល្អមួយ ” ៕
ដោយ៖តារា