
កាសែតរបស់អេស្ប៉ាញដ៏ល្បីល្បាញបំផុតមួយឈ្មោះ Diario AS បានរាយការណ៍កាលពីសប្តាហ៍មុនថាក្លឹប Real Madrid បានបញ្ជូនមន្ត្រីទៅឃ្លាំមើលខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹប AS Roma វ័យ ៣២ ឆ្នាំ កីឡាករ Edin Dzeko ។
ទោះជាយ៉ាងណាគ្មានអ្វីជាផ្លូវការនៅឡើយនោះទេនេះបើយោងតាមសាម៉ីខ្លួនកីឡាករ Edin Dzeko បាននិយាយ ។ ខ្សែប្រយុទ្ធរូបនេះត្រូវបានសួរដោយសារព័ត៌មានអាល្លឺម៉ង់ Kicker ដើម្បីធ្វើអត្ថាធិប្បាយទៅលើការចាប់អារម្មណ៍របស់ក្លឹប Real Madrid ហើយកីឡាករសញ្ជាតិបូស្នៀ រូបនេះបានឆ្លើយថា៖ ” ខ្ញុំបានអានរឿងនេះ ប៉ុន្តែបច្ចុប្បន្នមិនមានទំនាក់ទំនងអ្វីនោះទេជាមួយ Real Madrid ” ។
ការសែត Diario AS បានចុះផ្សាយថា Real Madrid បានបញ្ជូនមន្ត្រីរបស់ពួកគេទៅឃ្លាំមើលខ្សែប្រយុទ្ធ Dzeko កាលពីជំនួបរវាង ក្រុមជម្រើសជាតិបូស្នៀ ប៉ះ ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួតមិត្តភាព ។
Real Madrid នៅតែមិនទាន់មានខ្សែប្រយុទ្ធឆ្នើមក្នុងរកគ្រាប់បាល់បាននៅឡើយនោះទេចាប់តាំងពី Cristiano Ronaldo ផ្ទេរទៅកាន់ក្លឹប Juventus កាលពីរដូវក្ដៅក្នុងតម្លៃខ្លួន ១០០ លានអឺរ៉ូ ។ ខណះ Edin Dzeko អាចជាជម្រើសដ៏ល្អបំផុតមួយដើម្បីពិចារណាព្រោះកីឡាករវ័យ ៣២ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់នៅក្នុងពិភពលោក ។ លើសពីនេះទៅទៀតតម្លៃខ្លួនរបស់កីឡាកររូបនេះក៏មិនខ្ពស់ណាស់ណាដែរ ព្រោះគេមានអាយុលើស ៣០ ឆ្នាំទៅហើយ ខណះតម្លៃផ្ទេរត្រូវបានគេព្យាករណ៍ថាមានតម្លៃប្រហែល ២៥ លានអឺរ៉ូ ។
រដូវកាល ២០១៨/២០១៩ នេះខ្សែប្រយុទ្ធរបស់ក្លឹប AS Roma រូបនេះទើបតែស៊ុតបញ្ចូលទីបានត្រឹមតែ ២ គ្រាប់ប៉ុណ្ណោះក្នុងការឆ្លងកាត់ ១២ ប្រកួតនៅក្នុងក្របខ័ណ្ឌ Serie A ខណះនៅក្នុងក្របខ័ណ្ឌ Champions League ខ្សែប្រយុទ្ធសញ្ជាតិបូស្នៀរូបនេះ បានស៊ុតបញ្ចូលទីរហូតទៅដល់ ៥ គ្រាប់ឯណោះក្នុងរយះ ៤ ប្រកួតមកនេះ ៕
ដោយ៖តារា