
អតីតខ្សែបម្រើ-ប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ Mesut Ozil អាចនឹងធ្វើការចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ផ្ទេរទៅកាន់ក្របខ័ណ្ឌកំពុងល្បីល្បាញ Serie A របស់ប្រទេសអ៊ីតាលី បន្ទាប់ពីការចាប់អារម្មណ៍ពីសំណាក់ក្លឹប Inter Milan នេះបើយោងតាមការចុះផ្សាយរបស់ការសែត The Sun ។
ខ្សែបម្រើ-ប្រយុទ្ធវ័យ ៣០ ឆ្នាំ Mesut Ozil ក្នុងរយះពេលថ្មីៗបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាមួយការបង្ហាញទម្រង់លេងដ៏អន់ថយរបស់គេ និងមិនមែនជាតួរអង្គដ៏សំខាន់ទៀតនោះទេនៅក្នុងកីឡាដ្ឋាន Emirates បន្ទាប់ពីការមកដល់របស់លោក Unai Emery ដែលបានមកជំនួសកន្លែងរបស់លោក Arsene Wenger កាលពីរដូវក្ដៅនេះ ។
ដូច្នេះ Arsenal មានឆន្ទៈក្នុងការលក់អតីតកីឡាករឆ្នើមរបស់ក្លឹបអិរាជស Real Madrid រូបនេះចេញ ដែលកិច្ចសន្យាបច្ចុប្បន្នរបស់ Ozil មានសុពលភាពរហូតដល់ឆ្នាំ ២០២១ ឯណោះ ។ ខណះក្លឹបយក្សរបស់អ៊ីតាលី Inter Milan កំពុងស្វែងរកកីឡាករឆ្នើមដែលពោពេញទៅដោយបទពិសោធន៍ដូចជា Mesut Ozil ដើម្បីយកទៅបំពេញកន្លែងចន្លោះប្រហោងរបស់ក្រុម បន្ទាប់ពីពួកគេខកខានលើកពានរង្វាន់ក្របខ័ណ្ឌលីគកំពូលអ៊ីតាលី ( Serie A ) មួយនេះតាំងពីរដូវកាល ២០០៩/២០១០ មកម្លេះ ។
Mesut Ozil បានរួមរស់ជាមួយក្លឹបកាំភ្លើងធំ Arsenal ចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះបន្ទាប់ពីផ្ទេរចេញក្លឹបយក្សរបស់ក្របខ័ណ្ឌ Laliga Real Madrid ហើយបានក្លាយជាកីឡាករដ៏សំខាន់បំផុតរបស់ក្រុមក្រោមការដឹកនាំរបស់លោក Arsene Wenger នឹងជួយឲ្យក្លឹបយក្សរបស់អង់គ្លេសមួយនេះលើកពានរង្វាន់ជាច្រើនផងដែរ ៕
ដោយ៖តារា