អតីតមិត្តស្រី Mahrez ចោទ Manchester City ថា បានបំផ្លាញអាពាហ៍ពិពាហ៍របស់នាង

58689
  • អតីតមិត្តស្រីរបស់ Riyad Mahrez ឈ្មោះ Rita Johal បានស្តីបន្ទោសចំពោះការបែកបាក់ស្នេហារបស់នាង បន្ទាប់ពីកីឡាកររូបនេះផ្លាស់ប្តូរទៅកាន់ក្លិប Manchester City។
    អ្នកទាំងពីរបានជួបគ្នានៅឆ្នាំ ២០១៤ ហើយគ្រោងរៀបការនឹងគ្នាឆាប់ៗ ប៉ុន្តែក្រោយមកអ្នកទាំងពីរបានបែកគ្នា បន្ទាប់ពីខ្សែប្រយុទ្ធស្លាបកូនកាត់បារាំង-អាល់ហ្សេរីវ័យ ៣០ឆ្នាំរូបនេះផ្ទេរពីក្លិបកញ្ជ្រោងខៀវ Leicester City ទៅក្លិបមេឃខៀវ Manchester City ក្នុងឆ្នាំ ២០១៨ ។
    នាង Rita Johal បានពន្យល់នៅក្នុងបទសម្ភាសន៍ជាមួយ The Sun ថា៖ “ការផ្លាស់ទៅទីនោះបានផ្លាស់ប្តូរប្តីខ្ញុំ។ Riyad បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គាត់លេចធ្លោ។ គាត់បានផ្លាស់ប្តូរនៅពេលគាត់ទៅ Manchester City។ Riyad ដែលខ្ញុំបានជួបគឺជាមនុស្សម្នាក់ផ្សេងពីអ្វីដែលគាត់មានឥឡូវនេះ”។
    អតីតមិត្តស្រី Mahrez រូបនេះបន្តទៀតថា៖ “ខ្ញុំមិនស្អប់គាត់ទេ ប៉ុន្តែខ្ញុំមានការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះអ្វីដែលគាត់បានធ្វើ។ គាត់បានចាកចេញពីខ្ញុំភ្លាមៗ ដោយបន្ទោសសម្ពាធនៃការលេងនៅ Manchester City ។ ឥឡូវនេះគាត់ចំណាយពេលវេលាទាំងអស់របស់គាត់ជិះយន្តហោះជុំវិញកន្លែងថ្ងៃឈប់សម្រាក ដោយគ្មានការខ្វល់ខ្វាយពីពិភពលោក”។
    នាង Rita និយាយទៀតថា៖ “អាជីពជាកីឡាករបាល់ទាត់មានរយៈពេលខ្លី។ ពួកគេគួរតែរក្សាភាពស្មោះត្រង់ចំពោះអ្នកដែលពួកគេយកចិត្តទុកដាក់ ទោះបីជាពួកគេបានផ្លាស់ទៅក្លឹបធំក៏ដោយ ពីព្រោះនៅពេលដែលវាចប់ ពួកគេនឹងដឹងថាអ្នកណានៅទីនោះពិតប្រាកដ”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី